កងទ័ពអ៊ីស្រាអែល កំពុងរៀបចំផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួនមួយចំនួនពីតំបន់ហ្កាហ្សាស្ទ្រីប ទៅកាន់ព្រំដែនលីបង់ដែលកំពុងមានភាពជ្រួលច្របល់ ខណៈដែលក្រុមអ្នកសម្រុះសម្រួលអន្តរជាតិ បានជំរុញឲ្យមានកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ឈប់សង្គ្រាមជាមួយក្រុមហាម៉ាស។

ដោយប្រជាជនហ្កាហ្សា ប្រឈមនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចហើយ ប្រធានអង្គការសហប្រជាជាតិ គ្រោងនឹងជួបនៅថ្ងៃអង្គារជាមួយក្រុមម្ចាស់ជំនួយសំខាន់ៗ ដែលបានផ្អាកការផ្តល់មូលនិធិ បន្ទាប់ពីសមាជិកនៃទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ត្រូវបានគេចោទប្រកាន់ថា បានចូលរួម ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានសង្គ្រាម។

ការភ័យខ្លាចចំពោះជម្លោះក្នុងតំបន់កាន់តែរីកធំឡើង បន្ទាប់ពីសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអ៊ែល ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅប្រទេសហ្ស៊កដានី។

កងកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែលដែលគាំទ្រដោយរថក្រោះ បានផ្តោតលើទីក្រុងខាន់យូនីស (Khan Yunis) ដែលជាស្រុកកំណើតរបស់មេដឹកនាំហាម៉ាស នៅតំបន់ហ្កាហ្សា លោកយ៉ាយ៉ា ស៊ីនវ៉ា ( Yahya Sinwar) ជាកន្លែងដែលសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន រាយការណ៍ពីការបាញ់កាំភ្លើងធំជុំវិញមន្ទីរពេទ្យ អាល់អាម៉ាល់ (Al-Amal) នៅពេលយប់។
យោធាអ៊ីស្រាអែល បាននិយាយថា ការិយាល័យរបស់លោកស៊ីនវ៉ា ទីតាំងយោធា និង កន្លែងផលិតគ្រាប់រ៉ុក្កែតដ៏សំខាន់មួយ ត្រូវបានវាយឆ្មក់ដោយកងទ័ព។
ប្រធានអ្នកនាំពាក្យ លោកដានីញ៉ែល ហាហ្គារី ( Daniel Hagari) បាននិយាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែល «បានសម្លាប់ភេរវករជាង ២.០០០ នាក់ទាំងពីលើ និងក្រោមដីនៅក្នុងតំបន់ខាន់យូនីស ដោយមិនបង្ហាញភ័ស្តុតាង។