នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán) បានបញ្ជាក់ថា ទីក្រុងប៊ុយដាប៉េស ( Budapest) បានបញ្ជូនកិច្ចព្រមព្រៀងសម្របសម្រួលមួយ ទៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដែលនឹងមិនរារាំងការផ្ដល់មូលនិធិចំនួន៥០ពាន់លានដុល្លាររបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន។

នាយករដ្ឋមន្ត្រីហុងគ្រី បានលាតត្រដាងថា ក្រោមការសម្របសម្រួលនេះ លោកនឹងយល់ព្រមបញ្ចេញមូលនិធិទៅឲ្យប្រទេសអ៊ុយក្រែន «ប្រសិនបើអ្នកធានាថា ការសម្រេចចិត្ត បន្តផ្ញើប្រាក់នឹងត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។ នៅក្នុងការអនុវត្តជាក់ស្តែង នេះនឹងផ្តល់ឲ្យហុងគ្រីនូវឱកាសមួយផ្សេងទៀត ដើម្បីរក្សាជំនួយជារៀងរាល់ឆ្នាំ។

លោកអ័របាន បានកត់សម្គាល់ថា ការអនុម័តប្រចាំឆ្នាំនេះ គួរតែជាឯកច្ឆន្ទក្នុងចំណោមសមាជិកសហភាពអឺរ៉ុបផ្សេងទៀតទាំងអស់។
លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖« ជាអកុសល ជំហរនេះ ត្រូវបានយល់ឃើញ ឬបកស្រាយដោយប្រទេសមួយចំនួនថា ជាឧបករណ៍សម្រាប់ការទាមទារជំនួយប្រចាំឆ្នាំ...ជំហររបស់យើង គឺថា វាមិនមែននិយាយអំពីការប្រើវេតូរបស់យើងសម្រាប់ការទាមទារជំនួយនោះទេ ប៉ុន្តែអំពីការស្ដារ និងរក្សាការរួបរួមនៃសហភាពអឺរ៉ុប»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ត្រីសហភាពអឺរ៉ុប បានបង្ហើបថា ការចរចាដើម្បីអនុម័តកម្មវិធីជំនួយហិរញ្ញវត្ថុ ៥០ពាន់លានអឺរ៉ូរយៈពេល ៤ឆ្នាំសម្រាប់អ៊ុយក្រែន កំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំង ខណៈដែលហុងគ្រី កំពុងបដិសេធមិនព្រមធ្វើ មុនកិច្ចប្រជុំកំពូលថ្ងៃទី១ ខែកុម្ភៈ។
ទន្ទឹមនឹងនេះដែរ លោក បាឡាស អ័របាន (Balázs Orbán) នាយកផ្នែកនយោបាយរបស់នាយករដ្ឋមន្ត្រីហុងគ្រី បានអះអាងថា ទីក្រុងប្រ៊ុចសែល កំពុងបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៊ុយដាប៉ែស ទោះបីជាអ្នកចុងក្រោយបានស្នើសុំការសម្របសម្រួលអនុញ្ញាតឱ្យសហភាពអឺរ៉ុប ផ្តល់កញ្ចប់ជំនួយចំនួន៥០ពាន់លានអឺរ៉ូដល់អ៊ុយក្រែនក៏ដោយ។