រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេស កំពុងពិចារណាថាតើត្រូវទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ឬយ៉ាងណា។

លោក ដេវីត កាមេរូន (Lord Cameron) បានអះអាងថា រដ្ឋាភិបាលមាន «ការទទួលខុសត្រូវ» ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ដែលនឹងនាំឲ្យរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយរួមរស់ជាមួយប្រជាជាតិអ៊ីស្រាអែលបាន។
ទស្សនវិស័យនៃសន្តិភាពក្នុងតំបន់ ត្រូវបានស្តារឡើងវិញដោយជម្លោះរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមភេរវករហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារនៅថ្ងៃទី៧ ខែតុលា។
លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញារារាំងការបង្កើតរដ្ឋប៉ាឡេស្ទីន។

នៅឯពិធីទទួលឯកអគ្គរដ្ឋទូតអារ៉ាប់នៅទីក្រុងវេសមីនស្ទឺរ (Westminster) លោក ដេវីត កាមេរូន បានថ្លែងថា៖«អ្វីដែលសំខាន់បំផុត គឺផ្តល់ឲ្យប្រជាជនប៉ាឡេស្ទីននូវទស្សនវិស័យនយោបាយ ដើម្បីឲ្យពួកគេអាចមើលឃើញថា នឹងមានការរីកចម្រើនដែលមិនអាចត្រឡប់វិញបានចំពោះដំណោះស្រាយរដ្ឋពីរ និងកាន់តែសំខាន់នោះ គឺការបង្កើតរដ្ឋប៉ាឡេស្ទីន។
យើងមានការទទួលខុសត្រូវនៅទីនោះ ពីព្រោះយើងគួរតែចាប់ផ្តើមកំណត់ថាតើរដ្ឋប៉ាឡេស្ទីននឹងទៅជាយ៉ាងណា តើវានឹងរួមបញ្ចូលយ៉ាងដូចម្តេច របៀបដែលវានឹងដំណើរការ ហើយសំខាន់ គឺសម្លឹងមើលបញ្ហាដែលកើតឡើង ពួកយើងជាមួយសម្ព័ន្ធមិត្ត នឹងពិនិត្យមើល បញ្ហានៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមទាំងនៅអង្គការសហប្រជាជាតិ។