យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយពួកសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅក្នុងខេត្ត បាលុចឈីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃច័ន្ទ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ រួមទាំងជនស៊ីវិលពីរនាក់ និងភ្នាក់ងារអនុវត្តច្បាប់បួននាក់។

ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) របស់យោធាប៉ាគីស្ថាន បាននិយាយថា ក្រុមសកម្មប្រយុទ្ធ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារបរិវេណតំបន់ ម៉ាច (Mach) និងតំបន់ ខូលពួរ (Kolpur) ក្នុងខេត្តភាគនិរតី បាលុចឈីស្ថាន។ របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនសកម្មប្រយុទ្ធ ៩នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់ត្រូវបានសម្លាប់។

កងទ័ពរំដោះ បាលុច (BLA) ដែលជាក្រុមលេចធ្លោបំផុតនៃក្រុមផ្ដាច់ខ្លួនជាច្រើននៅក្នុងខេត្តភាគនិរតី បាលុចឈីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ក្រុមនេះមានគោលបំណងសម្រេចបាននូវឯករាជ្យភាពសម្រាប់ខេត្ត បាលុចឈីស្ថាន ដែលសម្បូរទៅដោយភ្នំ និងរ៉ែ និងជាខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថានតាមទំហំទឹកដី ប៉ុន្តែមានចំនួនប្រជាជនតិចបំផុត ហើយបានជួបប្រទះការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍៕