រដ្ឋាភិបាលយោធារបស់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃពុធ (៣១ មករា) នេះបានប្រកាសពីការបន្ធូរបន្ថយច្បាប់ចុះឈ្មោះបោះឆ្នោតសម្រាប់គណបក្សនយោបាយ រយៈពេលជាច្រើនម៉ោងមុនពេលផុតកំណត់នៃការដាក់ប្រទេសក្នុងភាពអាសន្នចាប់តាំងពីមានរដ្ឋប្រហារកាលពីបីឆ្នាំមុនមក។

របបសឹក ដែលបានប្តេជ្ញាថានឹងរៀបចំការបោះឆ្នោត ហើយត្រលប់ទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ បាននិយាយថា ខ្លួនបានកាត់បន្ថយកម្រិតអប្បបរមាសម្រាប់សមាជិកភាពគណបក្ស និងភាគរយនៃសង្កាត់ដែលត្រូវតែដំណើរការបោះឆ្នោត។ គេមិនទាន់ច្បាស់ថាហេតុអ្វីបានជាមានការផ្លាស់ប្តូរបែបនេះនោះទេ។

ឧត្តមសេនីយ៍ទាំងនោះមិនបានកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតឡើយ ហើយកាលពីឆ្នាំមុនបានរំសាយយ៉ាងហោចណាស់ ៤០គណបក្ស ដោយសារមិនបានចុះឈ្មោះ ក្នុងនោះមានអតីតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលកាន់អំណាច របស់អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលរបបយោធាបានចាប់ដាក់ពន្ធនាគារ។
ភាពអាសន្នរយៈពេលប្រាំមួយខែ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀតនោះ នឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃពុធនេះ។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD ដែលបាននិយាយថាការបោះឆ្នោតមានភាពសេរី និងយុត្តិធម៌ ធ្លាប់បានគ្រោងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកាត់ផ្តាច់យោធាចេញពីនយោបាយ ហើយនាំយកប្រទេសឱ្យស្ថិតនៅក្រោមការគ្រប់គ្រងបែបស៊ីវិល៕