សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ ខណៈកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤នេះ សម្ដេចបានសម្រេចឱ្យចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីដោយមិនឲ្យអនុញ្ញាតបើកក្លឹបបាញ់ស៊ីបឯកជននៅក្នុងប្រទេសកម្ពុជាបន្តទៀតឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវបទបញ្ជាបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាឱ្យបិទទីតាំងជួលបាញ់កាំភ្លើងក្នុងខេត្តព្រះសីហនុ ហើយមិនអនុញ្ញាតឱ្យមានការបើកទៀតឡើយ។ សម្តេចធិបតីបានថ្លែងថា អ្នកមកលេងខេត្តព្រះសីហនុ មិនបាច់មកហាត់បាញ់កាំភ្លើងនោះទេ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើង សម្ដេចធិបតី ក៏បានបញ្ជាឱ្យបញ្ឈប់ការអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជនផងដែរ។
សូមជម្រាបថា ការបញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងឯកជននេះ ក៏ជាយន្តការបន្ថែមទៀតរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ដើម្បីរក្សាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុផងដែរ។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំ ស.ជ.ណ ដើម្បីបញ្ឈប់ឱ្យមានការបើកកន្លែងបាញ់ស៊ីបរបស់ឯកជននៅទូទាំងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖វ៉ន ដារ៉ា