
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញបានតេស្តសំណាក និងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួនជាង ២០០នាក់ ពីកម្មករកម្មការនីរោងចក្រកាត់ដេរ ជេអេច ហ្គាមិន ខេមបូឌា ក្នុងចំណោមកម្មករសរុបចំនួនជាង ៩០០នាក់។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះថា រោងចក្រកាត់ដេរ ជេអេច ហ្គាមិន ខេមបូឌា មានទីតាំងស្ថិតនៅផ្លូវទ្រង់មាន់ ភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣។
លោកបានឲ្យដឹងថា ការចុះយកសំណាកកម្មករនិយោជិតរបស់ក្រុមគ្រូពេទ្យជំនាញ បានចប់សព្វគ្រប់អស់ហើយដោយរកឃើញអ្នកវិជ្ជមានសរុបជាង ២០០នាក់។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាល។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបានក្រុមគ្រូពេទ្យអនុញាតឲ្យត្រឡប់ទៅផ្ទះ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
លោកឲ្យដឹងទៀតថា បន្ទាប់ពីផ្ទុះករណីវិជ្ជមានកូវីដ-១៩ រោងចក្រនេះ តម្រូវឲ្យផ្អាកជាបណ្ដោះអាសន្នរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និង២៩ ខែមិថុនា ឆ្នាំ២០២១ ដោយត្រូវរងចាំការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញសិន របស់អាជ្ញាធរដែនដី និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទើបអនុញ្ញាតឲ្យដំណើរការធម្មតាវិញបាន៕ អត្ថបទ៖ ឈិត បូរ៉ាវី

