សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសអំពាវនាវដល់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស មកបណ្ដាក់ទុន វិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីរាជរដ្ឋាភិបាល ក្នុងឱកាសដែលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករានេះ។

ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា តាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹង សម្រួលដល់នីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង ធុរកិច្ច ដែលមកវិនិយោគនៅខេត្តព្រះសីហនុ។
សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលនឹង ផ្ដល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យជាដើម ដល់សហគ្រាសដែលអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និងធុរកិច្ច ជាដើម។
សូមជម្រាបថា តាមរយៈ ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»នេះ រាជរដ្ឋាភិបាលក៏នឹងផ្ដល់ អត្ថប្រយោជន៍ពិសេស ជាច្រើនទៀតដល់វិនិយោគិនជាតិ និងអន្តរជាតិ មានដូចជា ការផ្ដល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ពន្ធដារ។
ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុកជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា