មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃសរុបចំនួនជិត ៤,៨ពាន់ដុល្លារអាម៉េរិក ស្មើនឹង ៨,៨២លានតោន ទៅកាន់ទីសដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបានជាង ៦៥៦ពាន់តោន កើនឡើងជាង ៣% ធៀបឆ្នាំ២០២២។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករាកន្លងទៅ បានមានប្រសាសន៍ឲ្យដឹងថា គិតក្នុងឆ្នាំ២០២៣ ផលិតកម្មដំណាំសម្រេចបានចំនួន ៣៦,៨១លានតោន កើនឡើងប្រមាណ ៦% បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះដំណាំស្រូវចំនួន ១២,៤៩លានតោន ដោយមានអតិរេក ៦,៩៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤,៩៦លានតោន ដំណាឧស្សាហកម្មចំនួន ១៨,៩៦លានតោន និងដំណាំកៅស៊ូប្រមាណ ០,៤លានតោន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ គឺស្របតាមយុទ្ធសាស្រ្ត និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល និងមន្រ្តីទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាអនុវត្តនូវផែនការ និងសកម្មភាពការងារដែលបានគ្រោងទុក និងបានជំរុញអនុវត្តវិធានការចាំបាច់បន្ទាន់មួយចំនួនថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ឌិត ទីណា បានអះអាងថា វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងអ្នកទទួលបាននៅទូទាំងប្រទេស និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ទោះបីទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសកលក៏ដោយ។ ជារួម វិស័យកសិកម្មនៅតែរក្សាបាននូវការរួមចំណែករង្វង់ ២២% នៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា គិតក្នុងឆ្នាំ២០២៣កន្លងទៅ។
ទន្ទឹមនឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើការដោះស្រាយឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមមាន៖ ថ្លៃដើមផលិតកម្មខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត និងពាណិជ្ជូបនីយកម្មកសិផលគន្លឹះនៅមិនទាន់ត្រូវបានជំរុញឲ្យអស់សក្តានុពល៕ អត្ថបទ៖ ឈិត បូរ៉ាវី

