ក្រុមសាច់ញ្ញាតិជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នាកាលពីឆ្នាំ២០២២នៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងតវ៉ា កាលពីថ្ងៃអង្គារទី៣០ខែមករា បន្ទាប់ពីលោកប្រធានាធិបតី យ៉ុន សុក យុល (Yoon Suk Yeol)បានរារាំងសំណើបើកការស៊ើបអង្កេតថ្មីមួយក្នុងករណីឧបទ្ទវហេតុដ៏សាហាវ ។

គួររម្លឹកថាឧបទ្វវហេតុនោះបានឆក់យកជីវិតមនុស្សចំនួន១៥៩នាក់នៅក្នុងសង្កាត់ អ៊ីតេវ៉ុន(Itaewon) របស់រដ្ឋធានីសេអ៊ូល នៅថ្ងៃបុណ្យ Halloween។
ការិយាល័យរបស់លោកយ៉ុន បានប្រកាសពីការសម្រេចចិត្តនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានហៅពង្រាងច្បាប់គាំទ្រដោយបក្សប្រឆាំងថាជាលេសនយោបាយ និងបំពានរដ្ឋធម្មនុញ្ញ។

វិធានការបិទផ្លូវសំណើនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាច់ញ្ញាតិជនរងគ្រោះនិងក្រុមមន្ត្រីបក្សប្រឆាំង។
ពួកគេបានប្រឆាំងជាយូរមកហើយថា ដំណោះស្រាយរបស់រដ្ឋាភិបាលលើគ្រោះមហន្តរាយនេះពុំមានហេតុផលគ្រប់គ្រាន់ទេ។
លោកស៊ីន ជុងសេប (Shin Jung-Seob) ជាឪពុករបស់ម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើនបានថ្កោលទោសវិធានការនេះ។

លោកថា រដ្ឋាភិបាល បានសម្រេចចិត្តបិទបាំងឧបទ្ទវហេតុនេះដោយគ្មានការស៊ើបអង្កេតរកការពិត ។
កាលពីឆ្នាំមុន ការស៊ើបអង្កេតរបស់នគរបាលបានសន្និដ្ឋានថា កង្វះការរៀបចំនិងការឆ្លើយតបមិនគ្រប់គ្រាន់ គឺជាមូលហេតុចម្បងនាំឲ្យមានការប្រជ្រៀតជាន់គ្នាស្លាប់រង្គាលបែបនេះ៕