ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ម្នាក់និងជន ក្លែង បន្លំ ជាប្រជាការពារចំនួន០២នាក់ទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងយកប្រាក់ពីយុវជន ចំនួន៥នាក់ ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ម្នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។
ជនសង្ស័យចំនួនទាំង០៣នាក់ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ និង
ទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានករណីយុវជន០៥នាក់ ដែលបានត្រូវបានកម្លាំងចម្រុះធ្វើសកម្មភាព កំហែងយកប្រាក់ បន្ទាប់មកក៏មានបណ្ដាញសង្គម សម្ភាសន៍ជាមួយក្រុមយុវជនទាំងនោះ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ




