ភ្នំពេញ ៖ ប្រតិភូមកពីប្រទេសកាណាដា ធ្វើទស្សនកិច្ចស្វែងយល់ អំពីបរិយាកាសប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ជាពិសេសការផ្តោតលើ សហគ្រិនភាពស្រ្តី សម្រាប់ស្រ្តីរកស៊ីទទួលទានក្រៅប្រព័ន្ធ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅតាមសហគមន៍ ដើម្បីលើកកម្ពស់ភាព អង់អាចដល់ស្រ្តី។
លោកស្រី Myriam Montrat អគ្គនាយកកម្មវិធីសកល ផ្នែកបរិយាបន្ន និងអភិបាលកិច្ចប្រទេសកាណាដា លើកឡើងនៅក្នុង ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវកិត្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ នេះ កាណាដា-កម្ពុជា គឺជាប្រទេសមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នាទៅវិញទៅមក ជាពិសេសការអនុវត្តគម្រោង ភាពជាដៃគូនាពេលកន្លងមកនេះ មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង ជាពិសេស ការជំរុញសហគ្រិនភាពស្រ្តី, ការពង្រីកនូវកាលានុវត្តភាពថ្មីៗ ដើម្បីអាចឲ្យស្រ្តីពង្រីកអាចខ្លួនចាប់យកឱកាសផ្សេងៗជាដើម។
ក្នុងជំនួបនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានបង្ហាញពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការងារ បញ្ជ្រាបយេនឌ័រ និងការងារលើកកម្ពស់ភាពអង់អាចដល់ស្រ្តី លើគម្រោងសំខាន់ៗមួយចំនួន ដោយអាទិភាពទាំងនោះមានទាំងការ គាំទ្រយន្តការបញ្ជ្រាបយន្តការយេនឌ័រ និងការរៀបចចំថវិកាបញ្ជ្រាបយេនឌ័រ ការងារពាក់ព័ន្ធលើសហគ្រិនភាពស្រ្តី ការទប់ស្កាត់អំពើ ហឹង្សាលើស្រ្តី ក្នុងការបង្កើតមជ្ឈមណ្ឌលសេវាចម្រុះ និងការរៀបចំកម្មវិធីក្មេងស្រីនៅតាមសហគមន៍ជាដើម។
ជុំវិញគោលការណ៍ខាងលើនេះ, លោកស្រី Myriam Montrat បានឆ្លើយតបភ្លាមថា ចំពោះគោលការណ៍របស់លោកជំទាវ កិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងខាងលើ ដោយអាទិភាពទាំងអស់នេះ គឺស៊ីចង្វាក់និងកម្មដែលកាណាដាដែលបានកំពុងអនុវត្ត ដោយបញ្ហានេះ លោកស្រីនឹងពិចារណាលើលទ្ធភាព បន្តភាពជាដៃគូអនុវត្តគម្រោងទាំងនេះ ដើម្បីចូលរួមលើកកម្ពស់ភាពអង់អាច ដល់ស្រ្តី ជំរុញការចូលរួមស្រ្តីក្នុងសង្គម និងសេដ្ឋកិច្ចឲ្យកាន់តែច្រើន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចប្រតិភូកាណាដា ដើម្បីទទួលបានការយល់ដឹងកាន់តែច្រើន អំពីបរិយាកាសប្រតិបត្តិការនៅក្នុង ប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានគោលបំណង ដើម្បីតម្រង់ទិសដៅគម្រោងអនាគតកាន់ តែប្រសើរឡើង ដែលផ្តល់មូលនិធិក្រោមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក៕ អត្ថបទ៖ សុន រ៉ាឌី





