ភ្នំពេញ៖ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយអង្គការ HWPL នៃប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើតឱកាសបង្ហាញពីលក្ខណៈសំខាន់ៗ អត្ថប្រយោជន៍ និងផែនការអនុវត្តគម្រោងក្នុងការបណ្តុះបណ្តាលអប់រំបីបាច់ថែរក្សាកុមារឱ្យក្លាយទៅជាពលរដ្ឋដែលមានសន្តិភាព។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសិស្សានុសិស្សប្រមាណជិត ១៥០នាក់ មកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យចំនួន ដូចជា៖វិទ្យាល័យព្រែកអញ្ចាញ, វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប ដើម្បីរៀន និងស្វែងយល់អំពីប្រធានបទសំខាន់ៗនៃការអប់រំសន្តិភាព ដែលធ្វើបទបង្ហាញដោយអង្គការ HWPL។
លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះ MOU នេះ ដើម្បីជំរុញកុមារឱ្យក្លាយទៅជាពលរដ្ឋដែលមានសន្តិភាព មានសមត្ថភាពបន្តសន្តិភាព ដែលសម្រេចបានដោយការចាត់តាំងគ្រូបង្រៀននៅមូលដ្ឋានដើម្បីធ្វើសមាហរណកម្មការអប់រំសន្តិភាពរបស់អង្គការ HWPL នៅក្នុងថ្នាក់រៀន។ លើសពីនេះថែមទៀត គឺដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិភាព ការស្វែងមូលនិធិ និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋានតាមរយៈសកម្មភាពសប្បុរសធម៌។ លោកបានបន្តថា ការចុះហត្ថលេខាលើ MOUនាឱកាសនេះ បន្ទាប់ពីពេលនេះរំពឹងថា គោលដៅរួមនៃការទទួលបានសន្តិភាពតាមរយៈការអប់រំនឹងសម្រេចបាន ហើយការខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍន៍ និងសន្តិភាពរបស់ប្រទេសនឹងបន្តទៅមុខទៀតប្រកបដោយចីរភាពនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតប្រទេសកម្ពុជា និងរួមចំណែកកសាងសង្គមសន្តិភាព។
លោកស្រី Jaymie Lee នាយកសាខា HWPL បានឲ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ បន្ទាប់ពីនេះរំពឹងថា គោលដៅរួមនៃការទទួលបានសន្តិភាពតាមរយៈការអប់រំ នឹងសម្រេចបាន ហើយការខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍន៍ និងសន្តិភាពរបស់ប្រទេសនឹងបន្តទៅមុខទៀតប្រកបដោយចិរភាព នឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតប្រទេសកម្ពុជា និងរួមចំណែកកសាងសង្គមសន្តិភាព។ លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ន អង្គការ HWPL ដែលជាអង្គការសន្តិភាពអន្តរជាតិ បានចុះហត្ថលេខាលើ MOU ជាមួយអង្គការ និងសាលារៀនចំនួន៥១៤ ជុំវិញពិភពលោក ដើម្បីអនុវត្តការអប់រំសន្តិភាព និងកំពុងជំរុញការអប់រំដែលចិញ្ចឹមបីបាច់ប្រជាពលរដ្ឋផ្សាភ្ជាប់នឹងសន្តិភាពជាមួយនឹងតម្លៃ ស្មារតីនៃសន្តិភាព។
ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការអប់រំសន្តិភាព ដែលជាមធ្យោបាយមួយដើម្បីបន្សល់ទុកនូវមរតកនៃពិភពសន្តិភាពដ៏ស្រស់ស្អាត សម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈកិច្ចសហប្រតិបត្តិការ MOUនេះ រំពឹងថា គោលដៅរួមនៃការទទួលបានសន្តិភាពតាមរយៈការអប់រំនឹងសម្រេចបាន ហើយយើងនឹងខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍន៍កម្មវិធីសុខសន្តិភាពរបស់ប្រទេសបន្តចាប់ពីពេលនេះតទៅមុខទៀត។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាខាងលើនេះ យុវជនមកពីសាលារៀនជំនាន់ថ្មីទាំងបី បានបង្ហាញទឹកមុខសប្បាយរីករាយ ហើយបានរៀនអំពីរបៀបរស់នៅជាមួយគ្នាដោយសន្តិភាព។ សន្តិភាពនាំមកនូវអ្វីល្អៗគ្រប់យ៉ាងសម្រាប់មនុស្សទាំងអស់គ្នា៕ ដោយ ៖ បូរ៉ាវី














