ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃមេរោគកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយដែលពិភពលោកកំពុងតែស្ថិតនៅក្រោមការគំរាមកំហែងពីសំណាក់នៃការកើនឡើងនិន្នាការឯកតោនិយម និងប្រជានិយមជាដើម។
តាមរយៈកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃបណ្ដាប្រទេសអាស៊ាន-រុស្ស៊ីតាមប្រព័ន្ធវីដេអូពីភូមិគ្រឹះក្រុងតាខ្មៅ នៅល្ងាចថ្ងៃទី ២៩ខែមិថុនានេះ សម្ដេចតេជោមានប្រសាសន៍ថា បើទោះបីពេលនេះ សម្តេចកំពុងជាប់ធ្វើចត្តាឡីស័កដែលមានរយៈពេល១០ថ្ងៃរួចមកហើយ នៅសល់ ៤ថ្ងៃទៀត ប៉ុន្ តែដើម្បីបានជួបជាមួយកិច្ចពិភាក្សាជំនួបកំពូលតុមូលនេះ សម្តេចបានខិតខំម្ខាងដើម្បីដោះស្រាយជាមួយនឹងវិស័យសុខាភិបាលជាមួយបញ្ហាចត្តាឡីស័ក ដែលពុំមានអ្នកអមដំណើរក្នុងការប្រជុំ ហើយសូម្បីតែអ្នកថតទាំងអស់ក៏ស្ថិតក្នុងឯកសណ្ឋានពេទ្យទាំងអស់ផងដែរនៅក្នុងដំណាក់កាលកូវីដ ដែលវាមិនស្គាល់នាយករដ្ឋមន្ត្រី ឬប្រធានគណបក្ស នោះទេ។
ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំកិច្ចពិភាក្សាតុមូលនេះ ក្រោមប្រធានបទ តួនាទីនៃការទទួលខុសត្រូវនៃកម្លាំងគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងស្ថាបន្យកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចែករំលែកទស្សនៈមួយចំនួនជូនកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃ ប្រទេសអាស៊ាន រុស្ស៊ី ដោយវាយតម្លៃថា វេទិកាតុមូលនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទនៃកូវីដ១៩។
សម្តេច បានបន្តថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋកំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បានជំរុញឲ្យមានការដាក់គំលាបលើខ្លួនឯងពីសំណាក់រដ្ឋមួយចំនួននៅពេលដែលពួកគេព្យាយាម លើកកំពស់ការធ្វើពិពិធកម្មនិងកិច្ចសហប្រតិបត្តិការពហុទិស។
សម្ពាធនេះ បានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនិងបរិបទនៃប្រទេសនោះ។
សម្ដេចបានបន្តថា ក្នុងស្ថានការណ៍នេះ សន្និសីទមួយនេះ ពិតជាត្រូវរៀបចំឡើងទាន់ពេលវេលាក្នុងការបញ្ជ្រាបតួរនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលអោយតម្លៃទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ មានការប្រឈមមុខដាក់គ្នាសាមគ្គីភាព ជៀសវាងការបែកបាក់ និងការអភិវឌ្ឍ ចៀសវាងការបំផ្លិចបំផ្លាញ។
សន្និសីទមួយនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឲ្យយើងទាំងអស់គ្នារួបរួមគ្នានឹងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ៕
អត្ថបទ មុត សុទ្ធ