
មន្ត្រីចារកម្មយោធាអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (៣០ មករា) ថាប្រទេសរុស្ស៊ី មិនបង្ហាញពីឆន្ទៈក្នុងការប្រគល់សាកសពឈ្លើយសឹកអ៊ុយក្រែន រាប់សិបនាក់ ដែលទីក្រុងមូស្គូបាននិយាយថាបានស្លាប់នៅក្នុងការធ្លាក់យន្តហោះយោធានៅក្នុងតំបន់ បែលហ្គូរ៉ូដ (Belgorod) កាលពីសប្តាហ៍មុនទេ។
ទីក្រុងគីវ បាននិយាយថា ទីក្រុងមូស្គូ មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់ខ្លួនថាទាហានអ៊ុយក្រែន ៦៥នាក់ ដែលត្រូវចាប់ខ្លួនជាឈ្លើយសឹក បានស្ថិតនៅលើយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ដែលបានធ្លាក់កាលពីថ្ងៃពុធសប្តាហ៍មុននៅទីក្រុង បែលហ្គូរ៉ូដ ក្នុងប្រទេសរុស្ស៊ី នៅជិតព្រំដែននោះទេ។
ទីក្រុងមូស្គូ បាននិយាយថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយអ៊ុយក្រែន តាមផ្លូវទៅកាន់ការផ្លាស់ប្តូរអ្នកទោស។ អ៊ុយក្រែន មិនបានបញ្ជាក់ ឬក៏បដិសេធថា កម្លាំងរបស់ខ្លួនមិនបានបាញ់ទម្លាក់យន្តហោះនោះទេ។
គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរបស់រុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថាបំណែករាងកាយនៃសាកសពត្រូវបានប្រមូល និងយកទៅធ្វើតេស្តហ្សែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃសុក្រថា លោកមិនមានព័ត៌មានអំពីអ្វីដែលនឹងកើតឡើងចំពោះសាកសព ឬថាតើពួកវានឹងត្រូវប្រគល់ឱ្យអ៊ុយក្រែនឬយ៉ាងណាទេ៕