
ប្រទេសចិន មានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើដែនទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) និងដែនទឹកជាប់នោះ ហើយតែងតែប្រឆាំងដាច់ខាតចំពោះការរំលោភបំពានដោយហ្វីលីពីន នេះបើតាមអ្នកនាំពាក្យរបស់ឆ្មាំល្បាតឆ្នេរចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ (៣០ មករា)។
អ្នកនាំពាក្យបាននិយាយថា បុគ្គលិកហ្វីលីពីនបួននាក់បានឈ្លានពានដោយខុសច្បាប់នៅក្នុងតំបន់មួយចំនួនកាលពីថ្ងៃទី២៨ ខែមករា ហើយឆ្មាំល្បាតឆ្នេរបានព្រមានពួកគេឱ្យចាកចេញស្របតាមច្បាប់។
ការចោទប្រកាន់ និងការប្រឈមមុខដាក់គ្នា បានកើតឡើងជាញឹកញាប់រវាងប្រទេសទាំងពីរ ក្នុងរយៈពេលមួយឆ្នាំមកនេះ ជុំវិញតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
ប្រទេសចិន បានទាមទារអធិបតេយ្យភាពស្ទើរតែទាំងមូលលើសមុទ្រចិនខាងត្បូង ដែលបានធ្វើឱ្យប្រទេសជិតខាង ដែលមានជម្លោះព្រំដែនទឹកមួយចំនួន ខឹងសម្បារយ៉ាងខ្លាំង ដោយពួកគេនិយាយថាការទាមទារទឹកដីរបស់ចិនបានកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ៕