
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៦.៧៥១ នាក់ និងមនុស្ស ៦៥.៦៣៦ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ (៣០ មករា)។
អ្នកនាំពាក្យរបស់ក្រសួងលោក អាស្រាហ្វ អាល់កេដ្រា (Ashraf Al-Qedra) បាននិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស ១១៤ នាក់ និងបង្ករបួស ២៤៩ នាក់ ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ទន្ទឹមនឹងនេះដែរ ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា កងទ័ពអ៊ីស្រាអែលបានបង្កើនភាពញឹកញាប់នៃការវាយឆ្មក់របស់ខ្លួនក្នុងអំឡុងពេលប៉ុន្មានម៉ោងកន្លងមកនេះ លើទីក្រុងហ្កាហ្សា ជំរំ នូសៃរ៉ាត (Nuseirat) ទីក្រុង ខាន់យ៉ូនីស (Khan Younis) ទីក្រុង បេត ឡាហ៊ីយ៉ា (Beit Lahia) និងទីក្រុងរ៉ាហ្វាហ្វ (Rafah)។
ប្រភពមួយនៅក្នុងផ្នែកការពារជនស៊ីវិលប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានរាយការណ៍ថាក្រុមជួយសង្គ្រោះបានទាញយកសាកសពរាប់សិបនាក់ ដែលជាលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅផ្ទះជនស៊ីវិល។ លើសពីនេះ ទីក្រុង ខាន់យ៉ូនីស បានឃើញការវាយឆ្មក់យ៉ាងខ្លាំងក្លា សំដៅទៅលើតំបន់ភាគខាងលិចរបស់ខ្លួន ដោយឈានដល់តំបន់ជុំវិញមន្ទីរពេទ្យ ណាសសឺ (Nasser) និងមន្ទីរពេទ្យ អាល់អាម៉ាល់ (Al Amal) ជាដើម៕