
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ (៣១ មករា) នេះថាបេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក អាមឺ សែអ៊ីដ អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) បានព្រមានថាទីក្រុងតេអេរ៉ង់ នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយលើទឹកដី និងផលប្រយោជន៍របស់ខ្លួន ឬជនជាតិអ៊ីរ៉ង់នៅខាងក្រៅព្រំដែន។
ការអត្ថាធិប្បាយពីលោក អាមឺ សែអ៊ីដ អ៊ីរ៉ាវ៉ានី កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) បានប្រកាសថាលោកបានសម្រេចចិត្តលើមធ្យោបាយឆ្លើយតបចំពោះការវាយប្រហារដោយយានដ្រូនពីក្រុមអ៊ីរ៉ាក់ ដែលជាសម្ព័ន្ធមិត្ដជាមួយអ៊ីរ៉ង់ និងបានសម្លាប់សមាជិកបម្រើការអាមេរិក នៅហ្ស៊កដានី ដោយមិនបានបញ្ជាក់លម្អិតថាឆ្លើយតបដោយរបៀបណានោះទេ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងប្រទេសស៊ីរីដោយសមាជិក ៥នាក់បានស្លាប់នៅថ្ងៃទី២០ ខែមករា និងពីរនាក់ទៀតនៅថ្ងៃទី២៥ ខែធ្នូ។
កាលពីថ្ងៃច័ន្ទ (២៩ មករា) ការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀតបានវាយប្រហារទៅលើអ្វីដែលទីភ្នាក់ងារសារព័ត៌មាន ថាសនីម (Tasnim) របស់អ៊ីរ៉ង់ពណ៌នាថាជា «មជ្ឈមណ្ឌលប្រឹក្សាយោធាអ៊ីរ៉ង់» នៅក្នុងប្រទេសស៊ីរី ដោយបានសម្លាប់មនុស្សពីរនាក់ ប៉ុន្តែបេសកជនអ៊ីរ៉ង់ប្រចាំនៅស៊ីរី បានបដិសេធផ្ដល់ព័ត៌មានលំអិតអំពីគោលដៅ និងបាននិយាយថាអ្នកស្លាប់បាត់បង់ជីវិតនោះមិនមែនជាជនជាតិអ៊ីរ៉ង់ទេ៕