
ប្រទេសអាល្លឺម៉ង់ ហូឡង់ និងប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ (៣០ មករា) មានគោលដៅកាត់ផ្ដាច់ដំណើរការដែលមិនចាំបាច់ ដែលរារាំងការចល័តយ៉ាងលឿនឆ្លងកាត់ព្រំដែននៃកងទ័ព និងសព្វាវុធ តាមបណ្តោយច្រករបៀងដ៏សំខាន់មួយពីសមុទ្រខាងជើងទៅកាន់ស្លាបខាងកើតរបស់អង្គការណាតូ។
ជាលទ្ធផលនៃការឈ្លានពានអ៊ុយក្រែន ឆ្នាំ២០២២ របស់រុស្ស៊ី ទាំងអង្គការណាតូ និងសហភាពអឺរ៉ុប បានចាប់ផ្តើមបង្កើនល្បឿននៃការរៀបចំក្នុងករណីជម្លោះយោធាជាមួយទីក្រុងមូស្គូ ផ្ទុះឡើង។ ក្នុងសេណារីយ៉ូបែបនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀតនឹងត្រូវបានគេរំពឹងថានឹងបញ្ជូនការពង្រឹងយោធាសំខាន់ៗតាមច្រកសមុទ្រខាងជើងឆ្លងកាត់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ ទៅកាន់សមរភូមិមុខភាគខាងកើត។
បច្ចុប្បន្នសម្ព័ន្ធយោធាណាតូ កំពុងធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់ គឺសមយុទ្ធអ្នកការពារដ៏រឹងមាំ ស្ទេដហ្វាស ឌីហ្វេនដឺ ២០២៤ (Steadfast Defender 2024) ដែលមានការចូលរួមពីទាហានប្រហែល ៩០.០០០នាក់។ អង្គការណាតូ បានព្រមានសមាជិករបស់ខ្លួនថា ដំណើរការដែលមិនចាំបាច់ជាច្រើន កំពុងរារាំងការចល័តទ័ពនៅទូទាំងទ្វីបអឺរ៉ុប ដែលជាបញ្ហាមួយអាចបណ្តាលឱ្យមានការពន្យារពេល បើជម្លោះជាមួយរុស្ស៊ីផ្ទុះឡើង៕