
ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា អឺរ៉ុប គួរតែបន្តគាំទ្រប្រទេសអ៊ុយក្រែន ទោះជាសហរដ្ឋអាមេរិក សម្រេចចិត្តផ្អាក ឬកាត់បន្ថយជំនួយយោធារបស់ខ្លួនដល់ប្រទេសនេះក៏ដោយ។
លោក Macron បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត កាលពីថ្ងៃអង្គារ ក្នុងពេលមានការជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក ជុំវិញការចំណាយបន្ទាន់ ដើម្បីបន្តជំនួយយោធាដល់អ៊ុយក្រែន ដែលសហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រធំបំផុតរបស់ប្រទេសនេះ។
ប្រធានាធិបតីបារាំង បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប សង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅខាងពួកគេ។ ប៉ុន្តែ លោក បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការជ្រើសរើសអធិបតេយ្យភាព ដើម្បីបញ្ឈប់ជំនួយ ឬកាត់បន្ថយជំនួយនេះ វាមិនគួរមានផលប៉ះពាល់ជាមូលដ្ឋាននោះទេ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅសាលាយោធា លោក Macron បាននិយាយសំដៅទៅលើការផលិតសព្វាវុធ ដែលត្រូវផ្តល់ទៅឲ្យអ៊ុយក្រែន។
លោកបាននិយាយថា ទោះបីជាបណ្តាប្រទេសនៅអឺរ៉ុប ខិតខំប្រឹងប្រែងដើម្បីផលិតអាវុធឱ្យបានច្រើន និងឆាប់រហ័សក៏ដោយ ប្រសិនបើយើងប្រៀបធៀបខ្លួនយើងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី នាពេលបច្ចុប្បន្ននេះ វាពុំមែនជាទំហំ ហើយវាក៏ពុំមែនជាល្បឿនដ៏ត្រឹមត្រូវនោះដែរ។
លោក Macron បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់ប្រទេសស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។