
នាយក CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក) លោក Bill Burns កាលពីថ្ងៃអង្គារ (ទី៣០ ខែមករា) បាននិយាយថា ប្រទេសអ៊ុយក្រែនទំនងជានឹងប្រឈមនឹងឆ្នាំដ៏តានតឹងមួយ ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២៤ នេះ ដោយលើកហេតុផលថា ការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងគីវ នឹងក្លាយជាកំហុសនៃ «ទំនាក់ទំនងប្រវត្តិសាស្ត្រ»។
នៅក្នុងអត្ថបទមួយនៅលើគេហទំព័ររបស់ទិនានុប្បវត្តិកិច្ចការបរទេស លោកក៏បានឲ្យដឹងផងដែរថា អ៊ុយក្រែនអាចបង្កើនការខាតបង់នៃសង្រ្គាមដល់រុស្ស៊ី ដោយធ្វើការវាយប្រហារកាន់ជ្រៅពីក្រោយខ្សែត្រៀមជួរមុខ។
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ លោក Burns បាននិយាយថា សង្រ្គាមបានចាប់ផ្តើមបំផ្លាញអំណាចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្តិចម្ដងៗ ហើយជាមួយគ្នានេះ បានលើកឡើងថា ប្រទេសចិនអាចប្រកាន់ជំហរកាន់តែគឃ្លើន ចំពោះកោះតៃវ៉ាន់ ប្រសិនបើគេមើលឃើញថា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន កាន់តែថយចុះទ។
ការអត្ថាធិប្បាយនេះទំនងជាសំដៅលើការវាយដណ្តើមយកដែនដី ដែលរុស្ស៊ីបានដណ្តើមយកពីអ៊ុយក្រែន ហើយអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ជាជាងការវាយប្រហារលើរុស្ស៊ីខ្លួនឯង។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានរារាំងអ៊ុយក្រែនមិនឲ្យប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកទៅកាន់គោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ដោយបដិសេធសំណើរបស់ទីក្រុងគីវ សម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយដែលគេស្គាល់ថា Himars។
សុំបញ្ជាក់ថា សភាអាមេរិកបានអនុម័តទឹកប្រាក់ជាង ១១០ពាន់លានដុល្លារហើយ សម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានលុកលុយ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែមិនមានមូលនិធិថ្មីទេ ចាប់តាំងពីគណបក្សសាធារណរដ្ឋបានគ្រប់គ្រងសភាតំណាងរាស្រ្ត ក្នុងខែមករា ឆ្នាំ២០២៣៕