ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានលើកឡើងថា អាជីវករផ្សារបឹងកេងកងចំនួនជិត២៧០នាក់ហើយ មានវិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី២៩ មិថុនានេះ។
គិតត្រឹមរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារបឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះ
អាជ្ញាធររាជធានីបាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ដែលបានថ្លែងក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួ ង ស្រេង បានមានប្រសាសន៍ថា វាពិតជាឆ្លងរាលដាលលឿនពេកហើយ ចាប់ពីថ្ងៃទី២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជម្ងឺកូវិដ-១៩នេះដែរ បើទោះបីជាចាក់វ៉ាក់សាំង២ដងហើយ។
ឯកឧត្តម ឃួ ង ស្រេង បន្តទៀតថា ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩នៅតាមទីផ្សារនេះឱ្យបានខ្លាំងជាមុនទ្វេដង សំដៅធ្វើយ៉ាងណាកុំឱ្យផ្សារវិលទៅរកការបិទដូចមុនម្តងទៀត ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


