ភ្នំពេញ ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបើកដំណើរការការចុះឈ្នោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដែលកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងស្ថាប័ន តំណាងគណបក្សនយោបាយ តំណាងអង្គសង្គមស៊ីវិល។
ឯកឧត្តម ជឺ ចំណាន មានប្រសាសន៍ថា ដើម្បីធានាឱ្យបានជោគជ័យលើការងារនេះ គ.ជ.ប មានភារកិច្ចស្របទៅតាមច្បាប់ ដោយត្រូវរៀបចំផែនការមេ ប្រតិទិន បទបញ្ជា និងនីតិវិធី ដើម្បីអនុវត្តការរៀបចំការបោះឆ្នោត ក៏ដូចជាភារកិច្ចមួយចំនួនដែលត្រូវអនុវត្តក្នុងការចាប់ផ្តើមបើកដំណើរការបោះឆ្នោតនេះ គឺ ការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោត។
ឯកឧត្តម មានប្រសាសន៍ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតអសកលតាមប្រព័ន្ធសមាមាត្រ ដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែងទាំងអស់ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំង២ប្រភេទនេះ គឺក្រុមប្រឹក្សារាជធានី ឬក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ឬក្រុមប្រឹក្សាស្រុក ឬក្រុមប្រឹក្សាខណ្ឌ។
ឯកឧត្តម ថ្លែងថា អ្នកបោះឆ្នោតត្រូវបោះឆ្នោត២ដង ក្នុងពេលតែមួយ ដោយប្រើសន្លឹកឆ្នោត២ប្រភេទផ្សេងគ្នា គឺសន្លឹកឆ្នោតប្រភេទទី១ មានផ្ទៃពណ៌តាមការកំណត់របស់ គ.ជ.ប ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងសន្លឹកឆ្នោតប្រភេទទី២ មានផ្ទៃពណ៌សប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត។
ឯកឧត្តម បញ្ជាក់ថា ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ទទួលបានជោគជ័យ គ.ជ.ប រួមទាំងគណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤ និងអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដោយក្នុងនោះសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ មានចំនួនសរុប៥៥៩នាក់ និងចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌទាំងអស់មានចំនួនសរុប ៣,៦៨១នាក់ ៕ អត្ថបទ៖ សេក ឧត្តម









