ពោធិ៍សាត់ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូមកជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់លើវិស័យការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធនឹងសមត្ថកិច្ចគណៈកម្មការទី៩ ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងចុះទស្សនៈកិច្ចគម្រោងសាងសង់វារីអគ្គីសនី
និងរោងចក្របង្គុំតម្លើងរថយន្ដហ្វតផងដែរ។ ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល និងមន្ទីរអង្គភាពជំនាញចំនួន៧ទៀត។
ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងអង្គភាពមន្ទីរជំនាញបានជម្រាបជូន ប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភា អំពីវិស័យសាធារណៈការនិងដឹកជញ្ជូន វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត វិស័យរ៉ែនិងថាមពល វិស័យពាណិជ្ជកម្ម សាខាការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីក្នុងខេត្តពោធិ៍សាត់ ។ ឯកឧត្តមអភិបាលខេត្តក៍បានថ្លែងអំណរគុណផងដែរ ចំពោះស្ថាប័នរដ្ឋសភាជាតិ ដែលតែងតែបានផ្ដល់នូវគោលការណ៍ណែនាំ តម្រង់ទិស និងអនុសាសន៍ល្អៗជាប់ជាប្រចាំ ដល់រដ្ឋបាលខេត្តពោធិ៍សាត់។ ជាមួយគ្នានេះក៍សូមសម្ដែងនូវអំណរគុណ ចំពោះគណៈកម្មការទី៩នៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ ចុះមកបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៩នៃរដ្ឋសភាទទួលខុសត្រូវ ក៍ដូចជាស្ថាប័នទូទៅនៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានសម្ដែងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះចំពោះយន្តការនៃការដឹកនាំ របស់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ។ លោកជំទាវបានឃើញខេត្តពោធិ៍សាត់ មានការរីកចម្រើនលើគ្រប់វិស័យ ទាំងការរៀបចំសណ្ដាប់ធ្នាប់ ការកែលម្អសោភ័ណភាព អនាម័យ បរិស្ថាន គឺប្រែមុខមាត់ថ្មីគ្រប់ទីកន្លែង។ ជាមួយគ្នានេះបានចាប់អារម្មណ៍អំពីសមិទ្ធផលធំៗ ដូចជាវារីអគ្គីសនី ទំនប់ស្ទាក់ទឹក ថ្មកែវ ដំណាំក្រូចពោធិ៍សាត់ រោងចក្របង្គុំតម្លើងរថយន្ដហ្វត និងតំបន់ទេសចរណ៍មួយចំនួនទៀត។ វិស័យអាទិភាព ទឹក ផ្លូវ ភ្លើង ធនធានមនុស្ស និងបច្ចេកវិទ្យា ទាំងអស់នេះមិនអាចខ្វះមួយណាបានឡើយ ៕ អត្ថបទ៖ ភិរុណ ពៅ






