
ទាំងផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ចាយប្រាក់អឺរ៉ូ និងសហភាពអឺរ៉ុប (EU) នៅតែមានស្ថិរភាពដដែល ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសមុន។ នេះបើយោងតាមទិន្នន័យបឋម ដែលបានចេញផ្សាយដោយអង្គភាព Eurostat កាលពីថ្ងៃអង្គារ (ទី៣០ ខែមករា)។
ការប៉ាន់ប្រមាណដំបូងដោយផ្អែកលើទិន្នន័យប្រចាំត្រីមាស ដែលបានកែតម្រូវតាមរដូវកាល និងប្រតិទិនបានបង្ហាញថា នៅឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងត្រឹមតែ 0,៥ភាគរយប៉ុណ្ណោះ ទាំងនៅក្នុងតំបន់អឺរ៉ូ និងសហភាពអឺរ៉ុប។
នៅឆ្នាំ២០២៣ សម្រាប់ទាំងតំបន់ចាយប្រាក់អឺរ៉ូ និងសហភាពអឺរ៉ុប បើធៀបនឹងត្រីមាសមុន សេដ្ឋកិច្ចបានកើនឡើង ០,១ភាគរយ ក្នុងអំឡុងពេលទាំងត្រីមាសទី១ និងទី២ ហើយវាបានធ្លាក់ចុះ 0,១ភាគរយ ក្នុងត្រីមាសទី៣ មុនពេលមានស្ថិរភាព ក្នុងត្រីមាសទី៤។
បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ផលិតផលក្នុងស្រុកសរុប (GDP) ដែលបានកែសម្រួលតាមរដូវកាល ក្នុងអំឡុងត្រីមាសទី៤ បានកើនឡើង ០,១ភាគរយ នៅក្នុងតំបន់អឺរ៉ូ និង ០,២ភាគរយ នៅក្នុងប្រទេសសហភាពអឺរ៉ុប។
ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបដែលផ្តល់ទិន្នន័យសម្រាប់ការប៉ាន់ប្រមាណបឋម ក្នុងត្រីមាសទី៤ នៃឆ្នាំមុន ប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ បែលហ្ស៊ិក និងឡាតវី បានបង្ហាញលទ្ធផលសេដ្ឋកិច្ចល្អប្រសើរ ដោយសម្រេចបាននូវអត្រាកំណើនជាវិជ្ជមាន ខណៈដែលអៀរឡង់ អាល្លឺម៉ង់ និងលីទុយអានី ជួបប្រទះការធ្លាក់ចុះ GDP បើធៀបនឹងត្រីមាសមុន។
គួរកត់សម្គាល់ថា ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំបំផុតជាងគេរបស់សហភាពអឺរ៉ុប សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានធ្លាក់ចុះ ខណៈដែលសេដ្ឋកិច្ចរបស់បារាំងបង្ហាញលទ្ធផលមិនល្អនោះឡើយ។ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចអ៊ឺរ៉ុប ក្នុងឆ្នាំ២០២៤ នៅតែជាបញ្ហាប្រឈម ដោយសារតម្រូវការធ្លាក់ចុះ និងភាពតានតឹងភូមិសាស្ត្រនយោបាយ កើនឡើង៕