
ក្រុមសកម្មជន បាននិយាយថា អាជីវកម្ម និងហាងនៅក្នុងទីក្រុងជាច្រើននៅប្រទេសអ៊ីរ៉ង់ភាគខាងលិច ដែលមានប្រជាជនឃើដរស់នៅច្រើន បានបិទកាលពីថ្ងៃអង្គារ នៅក្នុងកូដកម្មទូទៅមួយប្រឆាំងនឹងការព្យួរក មួយថ្ងៃមុននៃជនជាតិឃើដចំនួន៤នាក់ ដែលត្រូវបានកាត់ទោសពីបទសហការជាមួយអ៊ីស្រាអែល។
អ្នកទាំង៤នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងខែកក្កដា ឆ្នាំ ២០២២ ត្រូវបានព្យួរក នៅពន្ធនាគារក្នុងទីក្រុងការ៉ា (Karaj) ខាងក្រៅទីក្រុងតេអេរ៉ង់ ក្នុងការប្រឆាំងនឹងយុទ្ធនាការមួយដោយក្រុមសិទ្ធិមនុស្ស ដែលបាននិយាយថា ការកាត់ក្តីរបស់ពួកគេ មានភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។
ការព្យួរករបស់ពួកគេ បានបន្ថែមទៅលើការព្រួយបារម្ភអំពីការកើនឡើងនៃការប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលឃើញជាមធ្យម មានមនុស្សពីរនាក់ ត្រូវបានប្រហារជីវិតជារៀងរាល់ថ្ងៃ រហូតមកទល់ពេលនេះក្នុងខែនេះ នេះបើយោងតាមក្រុមអ្នកធ្វើយុទ្ធនាការ។
ក្រុម Hengaw ដែលផ្តោតលើជនជាតិឃើដមានមូលដ្ឋាននៅប្រទេសន័រវែស និងបណ្តាញសិទ្ធិមនុស្សឃើដដែលមានមូលដ្ឋាន នៅប្រទេសបារាំង បានបោះពុម្ពរូបភាពដែលពួកគេបាននិយាយថា បង្ហាញផ្លូវទាំងអស់នៃហាងដែលត្រូវបានបិទ នៅក្នុងកណ្តាលទីក្រុងសំខាន់ៗរួមមានទីក្រុងឃើម៉ាសា ( Kermanshah)សាកេ (Saqez) និងសាណានដា( Sanandaj) ។
ក្រុមHengawនេះ បាននិយាយថា សកម្មភាពនេះ ត្រូវបានគេសង្កេតឃើញ នៅក្នុងទីប្រជុំជន និងទីក្រុងជាច្រើន ដោយការតភ្ជាប់អ៊ីធឺណិត ត្រូវបានកាត់ផ្តាច់ ហើយឧទ្ធម្ភាគចក្ររបស់កងឆ្មាំបដិវត្តន៍ បានហោះឆ្វែលពីខាងលើតំបន់មួយចំនួន។