
តុលាការថៃ នៅថ្ងៃពុធ (ទី៣១ ខែមករា) បានសម្រេចថា គណបក្សមានសំឡេងច្រើនជាងគេ ក្នុងសភា បានបំពានរដ្ឋធម្មនុញ្ញ ដែលស្វែងរកការផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ជាអ្វីដែលអាចកំណត់ជាគំរូ ដើម្បីឲ្យមានការត្រួតពិនិត្យនាពេលអនាគតនៃច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។
គណបក្សបោះជំហានទៅមុខ (Move Forward) បានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន តាមរយៈវេទិកាកំណែទម្រង់មួយ ដែលរួមបញ្ចូលទាំងសំណើមិននឹកស្មានពីមុន ក្នុងការកែប្រែច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលត្រូវទទួលទោសជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ សម្រាប់ការប្រមាថដល់ព្រះមហាក្សត្រដ៏មានឥទ្ធិពលរបស់ប្រទេសថៃ។ តុលាការធម្មនុញ្ញបានបង្គាប់បញ្ជាឲ្យគណបក្សបោះជំហានទៅមុខ បោះបង់ចោលផែនការនោះ ដែលខ្លួនសម្រេចថា ស្មើនឹងការប៉ុនប៉ង «ផ្ដួលរំលំរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ» ដូច្នេះហើយគឺជាការបំពានរដ្ឋធម្មនុញ្ញ។
នៅក្នុងប្រទេសដែលការគោរពចំពោះព្រះមហាក្សត្រអស់ជាច្រើនទសវត្សរ៍មកហើយ ត្រូវបានលើកតម្កើងថា ជាអត្តសញ្ញាណជាតិដ៏សំខាន់នោះ ច្បាប់នេះដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការទោសចំពោះមនុស្សយ៉ាងហោចណាស់ ២៦០នាក់ ត្រូវបានពួករាជានិយមជាច្រើនមើលឃើញថា ជាច្បាប់មិនអាចរំលោភបំពានបាន។
សំណើរបស់គណបក្សបោះជំហានទៅមុខ បានធ្វើឲ្យពួកអភិរក្សមានការខឹងសម្បាយ៉ាងខ្លាំងក្លា ហើយបានឃើញការប៉ុនប៉ងរបស់គណបក្ស ដើម្បីបង្កើតរដ្ឋាភិបាល ត្រូវបានខ្ទាស់កាលពីឆ្នាំមុនដោយសមាជិកសភា ដែលមានសម្ព័ន្ធមិត្តជាមួយ និងត្រូវបានតែងតាំងដោយយោធារាជានិយម។ ទោះបីជាតុលាការមិនបានកំណត់ការដាក់ទណ្ឌកម្មចំពោះគណបក្សបោះជំហានទៅមុខក៏ដោយ ក៏អ្នកនយោបាយមួយចំនួនបានស្នើឲ្យមានការប្រឹងប្រែងផ្នែកច្បាប់ ដើម្បីស្វែងរកការរំលាយ និងបម្រាមនយោបាយ ចំពោះមេដឹកនាំរបស់គនបក្សនេះ ជុំវិញជំហរ ពាក់ព័ន្ធនឹងច្បាប់រាជានិយមនេះ៕