ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ចាប់ផ្ដើមធ្វើយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

នេះបើតាមការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ត្រៃយ៍ CAMSOC ស្ដីពីការពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា មកទល់ពេលនេះគឺដល់ពេលដែលកម្ពុជាត្រូវបើកយុទ្ធនាការផ្សព្វផ្សាយពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ហើយ ស្របតាមផែនការ ២ឆ្នាំមុនព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះមកដល់ ដោយផ្ដើមពីយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិតាមរយៈគណៈកម្មការជំនាញ សហការជាមួយភាគីពាក់ព័ន្ធពិសេសអាជ្ញាធររាជធានី-ខេត្ត ដែលទទួលធ្វើម្ចាស់ផ្ទះប្រភេទកីឡាមួយចំនួន នឹងត្រូវចូលរួមក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះ។
ចំពោះសេណារីយ៉ូនៃផែនការយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយគឺមានច្រើន មានការផ្សព្វផ្សាយក្នុងប្រទេសតាមរយៈប្រព័ន្ធអនឡាញ តាមទូរទស្សន៍ជាតិ បណ្ដាញសារព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក ក្នុងនោះក៏មានយន្តការខាងក្រៅប្រទេស ដូចជាយន្តការការទូត យន្ដការកិច្ចការបរទេស តាមរយៈស្ថានទូតកម្ពុជា ឬតំណាងកុងស៊ុលនៅឯក្រៅប្រទេស ពិសេសប្រទេសសមាជិកស៊ីហ្គេម ១០ប្រភេទផ្សេងទៀតដើម្បីបញ្ជ្រាបឲ្យគេបានដឹងថា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានសង្កត់ធ្ងន់ថា គោលដៅសំខាន់នៃការចាប់ផ្ដើមយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យមានគុណតម្លៃនៃព្រឹត្តិការណ៍ ដើម្បីឲ្យទទួលបានការគាំទ្រកាន់តែច្រើន។
ទន្ទឹមជាមួយគ្នា CAMSOC នឹងជំរុញឲ្យការផ្សព្វផ្សាយប្រកបដោយគុណភាពល្អតាមស្តង់ដារ ដូចជាការផលិតវីដេអូ ផ្ទាំងផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ និងការលើកជាបដាផ្សព្វផ្សាយនៅគ្រប់ច្រកល្ហក និងគ្រប់រាជធានី-ខេត្តជាដើម ក្រោមយន្ដការរួមកម្លាំងសរុបរបស់គណៈកម្មាធិការជាតិ CAMSOC ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕
អត្ថបទ៖ លី ឈុនឡា