ភ្នំពេញ ៖ មន្ត្រីក្រោមឱវាទនៃក្រសួងអភិវឌ្ឍន៍ជនបទមកពីគ្រប់រាជធានីខេត្តជាច្រើននាក់បានចូលរួមសិក្ខាសាលាពិ គ្រោះយោបល់ស្ដីពី “វិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាលជូនមន្ត្រីឆ្នាំ២០២៤-២០២៦ ”នាថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤ នៅភោជនី យដ្ឋានទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ។
សិក្ខាសាលាពិគ្រោះយោបល់ដែលមានការចូលរួមពីសំណាក់ មន្ដ្រីរាជការ និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៩៥នាក់នេះ រៀបចំឡើងដោយនាយកដ្ឋានបណ្ដុះ បណ្ដាលនិងស្រាវជ្រាវ ក្នុងគោលបំណងពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីទទួលធាតុចូលបន្ថែមសម្រាប់ការ សិក្សាស្រាវជ្រាវមានលក្ខណៈកាន់តែស៊ីជម្រៅ និងច្បាស់ លាស់។
បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍របស់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ រួមមក ។
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា សិក្ខាសាលាពិគ្រោះយោយល់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការសិក្សាលើតម្រូវការការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជូនមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍធនធានមនុស្ស ទៅជាមូលធនមនុស្ស និងឆ្លើយតបទៅនឹងគោលនយោ បាយនិងចក្ខុវិស័យរបស់ក្រសួង គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវកម្មវិធីអាទិភាពចំនួន ៥។ គោលនយោបាយ និងចក្ខុវិស័យនេះ ចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថលក្នុងគោលដៅកាត់ បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ឈឹម សៅគី បានផ្ដល់អនុសាសន៍ជូនអង្គសិក្ខាដូចខាងក្រោម ៖
- សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលក្នុងគ្រប់កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា។
- សមាសភាពសិក្ខាកាមគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្តល់ធាតុចូលឱ្យបានច្រើនបន្ថែមទៀត ដើម្បីធានាឱ្យការសិក្សាស្រាវជ្រាវ បានគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តជាក់ស្តែងបាន។
- នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវដំណើរការស្រាវជ្រាវនេះឱ្យបានឆាប់រហ័ស ធានាបាននូវលទ្ធផលល្អទាំងគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់។
- គ្រប់អង្គភាពចំណុះក្រសួងទាំងជាតិ និងថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការល្អ និងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលដែលនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវចុះទៅសិក្សាស្រាវជ្រាវនៅតាមអង្គភាពនីមួយៗ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានអំំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការដៃគូជាតិ និងអន្តរជាតិទាំងអស់ចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការសិក្សាស្រាវជ្រាវនេះតាមលទ្ធភាពជាក់ស្តែង៕ ដោយ ៖ ភារម្យ









