
អណ្ដាតភ្លើងដ៏ក្រហមឆ្អិនឆ្អៅបានបាញ់តម្រង់ទៅលើមេឃពេញមួយយប់ នៅភាគខាងលិចរដ្ឋ Oklahoma សហរដ្ឋអាមេរិក បន្ទាប់ពីបំពង់បង្ហូរឧស្ម័នបានផ្ទុះ កាលពីថ្ងៃអង្គារ (ទី៣០ ខែមករា) ដោយរូបភាពនៃអណ្ដាតភ្លើងនោះ ត្រូវបានបង្ហាញដោយក្នុងវីដេអូរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ ក្នុងតំបន់។
ក្រុមអ្នកឆ្លើយតបសង្គ្រោះបន្ទាន់មកពីភ្នាក់ងារផ្សេងៗ ក្នុងនោះរួមទាំងនាយកដ្ឋានពន្លត់អគ្គិភ័យ Booker នៅរដ្ឋជិតខាង Texas ផងដែរ ដែលបានថតយករូបភាពអណាតភ្លើង តាមវីដេអូ បានទៅដល់ទីតាំងក្បែរទីក្រុង Laverne ដើម្បីវាយតម្លៃស្ថានភាព។ ខណៈដែលមូលហេតុពិតប្រាកដនៅមិនទាន់បានដឹងច្បាស់ ក្រុមមន្ត្រីបានណែនាំឲ្យចៀសចេញពីតំបន់នោះ ដើម្បីសុវត្ថិភាព។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ Booker បានឲ្យដឹងថា ស្ថានភាពតម្រូវឲ្យបិទបំពង់បង្ហូរឧស្ម័នធម្មជាតិ និងបន្ថយសម្ពាធផ្នែកដែលរងផលប៉ះពាល់ ដោយបន្ទាប់មកក្រុមពន្លត់អគ្គភ័យកំពុងព្យាយាមគ្រប់គ្រងអណ្ដាតភ្លើងដែលនៅសល់៕