លោកប្រធានាធិបតី Vladimir Putin បានប្តេជ្ញាកាលពីថ្ងៃពុធថានឹងរុញកងកម្លាំងអ៊ុយក្រែនត្រឡប់ក្រោយ ដើម្បីកាត់បន្ថយការគំរាមកំហែងនៃការវាយប្រហារលើទឹកដីរុស្ស៊ី ខណៈលោកបានជួបជាមួយសកម្មជនដែលកំពុងដំណើរការយុទ្ធនាការរបស់លោកនៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែមីនា ដែលលោកត្រូវប្រាកដថានឹងឈ្នះ។

នៅពេលសួរអំពីផែនការសម្រាប់យុទ្ធនាការយោធានៅអ៊ុយក្រែន លោក Putin បាននិយាយថា ខ្សែទំនាក់ទំនងត្រូវតែត្រូវបានរុញត្រឡប់ទៅឲ្យចម្ងាយពីទឹកដីរបស់យើង ដែលនឹងធ្វើឱ្យរុស្ស៊ីមានសុវត្ថិភាពពីកាំភ្លើងធំរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដោយលោកខាងលិច ដែលក្រុមអាជ្ញាធរអ៊ុយក្រែន ប្រើសម្រាប់ការបាញ់ផ្លោងលើទីក្រុងនានារបស់រុស្ស៊ី។

លោកបានបន្ថែមថា យោធារុស្ស៊ី បាននឹងកំពុងរុញសត្រូវឲ្យបកក្រោយពីទីតាំងសំខាន់ៗដែលមានប្រជាជនរស់នៅដ៏ច្រើន។

លោកបានបន្ថែមថា នេះជាហេតុផលចម្បងសម្រាប់កងទ័ពរបស់យើងដែលកំពុងប្រយុទ្ធ និងប្រថុយជីវិតក្នុងសមរភូមិ ដើម្បីការពារមាតុភូមិ និងការពារប្រជាជនយើងទាំងអស់គ្នា។
អ៊ុយក្រែន បានវាយប្រហារនៅខាងក្នុងប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ រួមទាំងការវាយប្រហារកាលពីថ្ងៃទី៣០ ខែធ្នូ លើទីក្រុងព្រំដែន បេលក្រដ (Belgorod) ដែលបានសម្លាប់មនុស្ស ២៥ នាក់ និងជាង ១០០ នាក់រងរបួស។
លោក Putin ក៏បាននិយាយដែរថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានសន្និដ្ឋានថា អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូដ (Patriot)ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីនៅក្នុងតំបន់ បេលក្រដ (Belgorod) កាលពីថ្ងៃទី ២៤ ខែមករា។ ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយថា ការធ្លាក់នោះបានសម្លាប់មនុស្ស នៅលើយន្តហោះទាំងអស់៧៤ នាក់ រួមទាំង ឈ្លើយសឹកអ៊ុយក្រែន ៦៥ នាក់ដែលកំពុងធ្វើដំណើរទៅកាន់កន្លែងដោះដូរអ្នកទោស៕