ប្រធានសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថា ទីផ្សារលក់ដូរយានយន្តក្នុងស្រុកមានការធ្លាក់ចុះ តែមិន មានការប៉ះពាល់ខ្លាំងដល់ ចំណូលជាតិឡើយ ខណៈការនាំចូលយានយន្តប្រភេទថ្មីនៅបន្តការកើនឡើង ស្របពេលការផ្គុំ នឹងដំឡើងរថយន្តក្នុងស្រុក កំពុងកើត មានឡើងជាបន្តបន្ទាប់។
បណ្ឌិត តាន់ មុនីវណ្ណ ប្រធានឧស្សាហកម្មយានយន្តកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាស ន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីទីផ្សារយានយន្ត និងចំណូលពន្ធពីយានយន្ត នេះថា ពាក់ព័ន្ធចំណូលពន្ធពីយានយន្តនេះ គឺជាចំណូលធំមួយសម្រាប់ចំណូលជាតិ ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ នៃការប្រមូលពន្ធគយ និងរដ្ឋាករទាំងមូល ក្នុងនោះសម្រាប់ការនាំចូលយានយន្តក្នុងរយៈពេលក្រោយនេះ មិនមានការថមថយខ្លាំងនោះឡើយ ជាក់ស្តែងការនាំចូលយានយន្តប្រភេទថ្មី មានចំនួន ច្រើនជាងមុន ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ ពោលគឺកើនឡើងពាក់កណ្តាល បើធៀបរយៈពេលមុនវិបត្តិកូវីដ គឺស្ទើស្មើការនាំចូល ប្រភេទរថយន្តមួយទឹក។
លោកបណ្ឌិត បន្តថា តាមរយៈនេះ មិនយូរមិនឆាប់ ការនាំចូលរថយន្តប្រភេទថ្មីអាចជំនួសរថយន្តមួយទឹក ដោយសារការនាំ ចូលរថយន្តប្រភេទថ្មីមួយចំនួន មានតម្លៃសមរម្យ ជាពិសេសរថយន្តប្រើប្រាស់ B.E.V និង E.V ផង ដោយរថយន្តប្រភេទថ្មីធានារយៈ ពេលយូរ និងស៊ីសាំងតិចជាដើម។ បញ្ហានេះ អ្នកប្រើប្រាស់បានមើលឃើញពីតម្លៃសមរម្យ ជាពិសេសការទិញបង់រំលោះរយៈពេលវែង ដែលធ្វើឲ្យការនាំចូលរថយន្តប្រភេទថ្មីមានការកើនឡើង ជាក់ស្តែងមកដល់ពេលនេះ ការនាំចូលមិនមានការធ្លាក់ខ្លាំងនោះទេ ខណៈ ទីផ្សារលក់ដូរមានការធ្លាក់ចុះ ដែលបញ្ហានេះ មួយចំនួនគឺបណ្តាលមកពីការនាំចូលរថយន្តពីចិន កំពុងនាំចូលយ៉ាងខ្លាំង នៃការប្រកួត ប្រជែងលើទីផ្សារ, សរុបជារួម ការប្រមូលចំណូលជាតិពីវិស័យនេះ មិនមានការប៉ះពាល់ខ្លាំងឡើយ ស្របពេលការផ្គុំនឹងដំឡើងរថយន្ត ក្នុងស្រុកកំពុងមានសកម្មភាពល្អប្រសើរ និងការនាំចូលរថយន្តថ្មីកំពុងមានសម្ទុះផងដែរ។
បណ្ឌិត តាន់ មុនីវណ្ណ លើកឡើងបន្តថា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាមានរោងចក្រផ្គុំដំឡើងរថយន្តកាន់តែច្រើន ក្នុងនោះចំពោះ ការផ្គុំ និងដំឡើងរថយន្តនេះ មិនមែនមិនយកពន្ធនោះទេ គឺរាជរដ្ឋាភិបាលអនុវត្តតាមគោលការណ៍ប្រមូលពន្ធជាធម្មតា គ្រាន់តែមាន ការអនុគ្រោះពន្ធលើការនាំចូលគ្រឿងបន្លាស់មួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បញ្ហានេះ រាជរដ្ឋាភិបាលគួរមានការប្រយ័ត្នប្រយែង ផងដែរ ដើម្បីរក្សាការប្រមូលចំណូលសម្រាប់ជាតិ ព្រោះការប្រមូលពន្ធចេញពីឧស្សាកម្មយានយន្តនេះមានចំនួនធំ។
សូមបញ្ជាក់ថា តាមរយបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការប្រមូលចំណូលពីការនាំចូលយានយន្ត ក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងបំណែកសម្ភារៈគ្រឿងបង្គុំ នៅក្នុងឆ្នាំ ២០២៣, មានទំហំទឹកប្រាក់ជាង ១ ៣០០ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ឃើញថា ថយចុះជាង ៤០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី
