ស៊ីហ្គេម៖ បណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាកីឡាសអាស៊ីអាគ្នេយ៍ បានសម្ដែងការអបអរសាទរជាថ្មីចំពោះវឌ្ឍនភាព និងការត្រៀមខ្លួនបានយ៉ាងល្អរបស់កម្ពុជា ក្នុងការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ហើយប្រទេសជាច្រើនបានបង្ហាញនូវក្ដីរំពឹងថា ស៊ីហ្គេមនៅកម្ពុជានឹងបង្កើតប្រវត្តិសាស្ត្ររៀបចំប្លែកពីគេ អស្ចារ្យជាងគេ និងគួរឲ្យសរសើរជាងគេទៀតផង។
ការលើកសរសើរកម្ពុជានេះបន្ទាប់ពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើរបាយការណ៍សង្ខេបអំពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗ។ ឯកឧត្ដម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា បណ្ដាប្រទេសអាស៊ានជាច្រើនបានធ្វើការអបអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសជំហរគាំទ្រពេញទំហឹងនៃរាជរដ្ឋាភិបាលរបស់ខ្លួន។ មិនតែប៉ុណ្ណោះបណ្ដាប្រទេសទាំងអស់ បានគាំទ្រកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បណ្ដោះអាសន្នចាប់ពីឆ្នាំ២០២២ ទៀតផង ប្រសិនបើស៊ីហ្គេមនៅវៀតណាមពន្យារដល់ឆ្នាំក្រោយ។
គួរបញ្ជាក់ថា ទោះបីស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាមស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយក្ដី តែកម្ពុជាបានប្រកាន់ជំហរដ៏រឹងមាំ ក្នុងការអនុវត្តការងារតាមប្រតិទិនរបស់ខ្លួន ដើម្បីសម្រួចផែនការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជានេះ សម្រាប់ស៊ីហ្គេមនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងដំណើរការប្រកួតពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕
អត្ថបទ៖ លី ឈុនឡា