នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសូមអភ័យទោសដល់គ្រួសារទាំងឡាយដែលនិយាយថា កូនរបស់ពួកគេត្រូវបានប៉ះពាល់ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលសវនាការដ៏ក្ដៅគគុកនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។

លោក Zuckerberg ដែលបង្កើតបណ្ដាញសង្គម Instagram និង Facebook បានងាកទៅរកពួកគេ ហើយនិយាយថា គ្មាននរណាម្នាក់គួរឆ្លងកាត់ នូវអ្វីដែលពួកគេមាននោះទេ។លោក និងនាយកប្រតិបត្តិក្រុមហ៊ុន TikTok, Snap, X និង Discord ត្រូវបានសួរដេញដោលអស់រយៈពេលជិតបួនម៉ោងដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរ។

ក្រុមសមាជិកសភា ចង់ដឹងថាតើពួកគេកំពុងធ្វើអ្វីដើម្បីការពារកុមារតាមអ៊ីនធឺណិត។ នេះគឺជាឱកាសដ៏កម្រសម្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកដើម្បីសាកសួរ ក្រុមនាយបច្ចេកវិទ្យា។
លោក Zuckerberg និងនាយកប្រតិបត្តិបណ្ដាញសង្គម TikTok លោក ស៊ូ ស៊ីឈូ (Shou Zi Chew) បានយល់ព្រមផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត ប៉ុន្តែប្រធានក្រុមហ៊ុន Snap Inc និង X ដែលជាអតីត Twitter និងក្រុមហ៊ុន Discord បានបដិសេធជាបឋម ហើយត្រូវបានចេញដីកាកោះអញ្ជើញ ដែលចេញដោយរដ្ឋាភិបាល។

អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាទាំងប្រាំនាក់ បានអង្គុយនៅចំពីមុខក្រុមគ្រួសារនានា ដែលនិយាយថាកូនរបស់ពួកគេបានធ្វើបាបខ្លួនឯង ឬសម្លាប់ខ្លួនដោយសារមាតិកាបណ្ដាញសង្គមនេះ។
ខណៈសវនាការភាគច្រើនផ្តោតលើការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត សំណួរជាច្រើនបានផ្លាស់ប្តូរយ៉ាងទូលំទូលាយ នៅពេលសមាជិកព្រឹទ្ធសភាបានទាញយកប្រយោជន៍ពីការមាននាយកប្រតិបត្តិដ៏មានអំណាចចំនួនប្រាំនាក់នៅទីនោះក្រោមការស្បថ។
លោកឈូ(Chew) របស់ក្រុមហ៊ុន TikTok ត្រូវបានសួរថាតើក្រុមហ៊ុនរបស់លោកបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិនដែរឬទេ ដែលលោកបានបដិសេធ។ លោក បាននិយាយថា ក្នុងនាមជាឪពុករបស់កូនតូចៗបីនាក់លោកដឹងថាបញ្ហាដែលយើងកំពុងពិភាក្សាថ្ងៃនេះ គឺជារឿងដ៏រន្ធត់ និងជាសុបិន្តអាក្រក់របស់ឪពុកម្តាយគ្រប់រូប ហើយបានសារភាពថាកូនរបស់លោកពុំបានប្រើប្រាស់ TikTok ទេ ដោយសារតែច្បាប់ ជាទីដែលលោករស់នៅក្នុងប្រទេសសិង្ហបុរី៕