រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គែ្រន សាប (Grants Shapps) បានប្រាប់សមភាគីអាមេរិកកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក «ឈរកៀកស្មាគ្នា» ប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ដោយកងនាវាចរណ៍សមុទ្រ បានត្រៀមបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់សមុទ្រក្រហម។

រដ្ឋមន្ត្រីការពារជាតិ បានធានាចំពោះលោក ឡយ អូស្ទីន (Lloyd Austin)ថា ចក្រភពអង់គ្លេស នឹងឈានជើងចូល «ដើម្បីធានាថា មានខ្សែបន្ទាត់មួយដែលមិនអាចឆ្លងកាត់បាន» បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍ដោយក្រុមឧទ្ទាមហ៊ួទី និងក្រុមផ្សេងទៀត នៅទូទាំងមជ្ឈិមបូព៌ា។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរបញ្ចកោណ លោកសាប បានពណ៌នាក្រុមហ៊ួទីថា ជា «ចោរសមុទ្រ និងជាចោរ» ហើយបានផ្ញើការរំលែកទុក្ខរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីទាហានអាមេរិកបីនាក់បានស្លាប់ ក្នុងការវាយប្រហារដោយយានដ្រូន កាលពីថ្ងៃអាទិត្យ។
លោកបានថ្លែងថា៖«យើងកំពុងឈរកៀកស្មាម្តងទៀត ដើម្បីធានាថា មានបន្ទាត់មួយដែលមិនអាចឆ្លងកាត់បានទេ»។

ករណីនេះ ត្រូវបានគេយល់ថា លោកឧត្តមនាវីឯក សឺ បេន ឃី (Sir Ben Key) ដែលជាអ្នកគ្រប់គ្រង សមុទ្រទី១ បានផ្តល់«ដំបូន្មានផ្នែកយោធា» ដល់លោកសាប នៅពេលដែលពួកគេបានចូលរួមកិច្ចប្រជុំដាច់ដោយឡែក ដើម្បីពិភាក្សាពីយុទ្ធសាស្ត្ររបស់ចក្រភពអង់គ្លេស នៅក្នុងសមុទ្រក្រហមនោះ។
ប្រភពពីកងទ័ពជើងទឹក បាននិយាយថា កិច្ចប្រជុំគឺ «ទំនងជារួមបញ្ចូលការពិភាក្សាអំពីនាវាផ្ទុកយន្តហោះ» ដែលអាចត្រូវបានដាក់ពង្រាយជំនួស USS Dwight D Eisenhower នៅក្នុងសមុទ្រក្រហម នៅចុងឆ្នាំនេះ។
លោកសាប បានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោកបៃដិន ក្នុងទីក្រុងវ៉ាស៊ីនតោន រួមទាំងលោក អូស្ទីន លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក ចេក ស៊ុលលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន។