រដ្ឋាភិបាលបារាំងកាលពីថ្ងៃពុធបានបញ្ជូនរថពាសដែកដើម្បីការពារទីផ្សារលក់បោះដុំអាហារក្នុងទីក្រុងប៉ារីសជាសញ្ញានៃភាពតានតឹងកាន់តែខ្លាំងឡើង ខណៈក្រុមកសិករបានបិទផ្លូវហាយវេក្នុងប្រទេសបារាំង និងបែលហ្ស៊ិក ហើយបានពង្រីកកាតវ៉ានៅកន្លែងផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។

កសិករអេស្ប៉ាញ និងអ៊ីតាលី បាននិយាយថា ពួកគេបានចូលរួមក្នុងចលនាតវ៉ាដែលបានបង្កភាពចលាចលនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ក្នុងគោលបំណងដាក់សម្ពាធលើរដ្ឋាភិបាលនានាឱ្យបន្ធូរបន្ថយច្បាប់បរិស្ថាន និងការពារពួកគេពីការកើនឡើងថ្លៃទំនិញនៅលើទីផ្សារដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងការនាំចូលផលិតផលកសិកម្មពីប្រទេសផ្សេងៗក្នុងតម្លៃថោក។

ទន្ទឹមនឹងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប ដែលបានកំណត់នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការប្រតិបត្តិរបស់ប្លុកនេះបានធ្វើសំណើ ដើម្បីកម្រិតការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែន និងបន្ធូរបន្ថយបទប្បញ្ញត្តិបៃតងមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសទាំងនេះបានបរាជ័យក្នុងការបញ្ឈប់កសិករជាច្រើនមកពីប្រទេសបែលហ្ស៊ិក និងប្រទេសផ្សេងទៀត មិនឲ្យបើកត្រាក់ទ័ររបស់ពួកគេចូលទៅក្នុងកណ្តាលទីក្រុងព្រុចសែល មុនពេលការជួបជុំរបស់មេដឹកនាំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ។
គេបានមើលឃើញត្រាក់ទ័រតម្រៀបគ្នានៅជុំវិញសភាអឺរ៉ុប ខណៈនគរបាលបានបិទបរិវេណអគារគណៈកម្មការ និងក្រុមប្រឹក្សាសហភាពអឺរ៉ុប។
ខណៈវិបត្តិកសិករមិនទាន់មានជាផ្លូវការនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប បញ្ហានេះ នឹងក្លាយប្រធានបទនៃការពិភាក្សា។
ក្រុមកសិករនិយាយថា ពួកគេមិនបានទទួលប្រាក់ខែគ្រប់គ្រាន់ ត្រូវជាប់ពន្ធ ហើយច្បាប់បៃតងឬគោលនយោបាយបរិស្ថាន ត្រូវប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស៕