វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បាននឹងកំពុងរៀបចំកម្មវិធីបោះជំរុំ លើកទី៧ ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកម្មវិធីបោះជំរុំ រយៈពេល៣ថ្ងៃនេះ គឺកំពុងរៀបចំធ្វើឡើងនៅទីតាំងបរិវេណវិទ្យាស្ថានផ្ទាល់ដែលមានការចូលរួមពីមន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក និងប្អូនៗនិស្សិតព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតដែលចូលរួមពីវិទ្យាស្ថានផ្សេងៗទូទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន៣៨៥១នាក់។

កម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃក្រោមប្រធានបទ យុវជនក្រោមដំបូលសន្តិភាព គឺជាមួយផ្នែកនៃការប្រមូលផ្តុំយុវជនកម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា និងជាធនធានកម្ររបស់ជាតិ ដើម្បីសិក្សាពីរបៀប នៃការបង្កើតជាក្រុម របៀបធ្វើការជាមួយក្រុម និងរបៀបរស់នៅជាមួយគ្នា។

ក្នុងរយៈពេល៣ថ្ងៃនេះនៅក្នុងជំរុំ សមាជិកនៅក្នុងជំរុំ នឹងមានឱកាសប្រាស្រ័យទាក់ទងគ្នា បង្កើតជាបណ្តាញទំនាក់ទំនងរវាងគ្នា និងគ្នាទៅថ្ងៃអនាគត មានឱកាសពត់លត់ដំ និងបន្សាំខ្លួនជាមួយគ្រប់ស្ថានភាពរស់នៅប្រចាំថ្ងៃ តាមរយៈការគិតពិចារណាគ្រប់ជ្រុងជ្រោយដែលមានតម្លៃជារូបីយផង និងអរូបីយផង ជាពិសេសមហាសាមគ្គីរបស់អនាគតបញ្ញវន្តដែល នឹងក្លាយជាទំពាំងស្នងឫស្សីប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងក្លាយជាកំលាំងចលករយ៉ាងសកម្មក្នុងចលនាកសាង និងការពារជាតិមាតុភូមិដែលមិនអាចឱ្យសត្រូវពីខាងក្រៅប្រមាថទានបានឡើយ។

បើតាមវិទ្យាស្ថានការបោះជំរុំនេះត្រូវបានធ្វើឡើងចំនួន៧លើករួចមកហើយគិតចាប់ទាំងឆ្នាំ២០២៤នេះ ពោលគឺជំនាន់ទី១នៅឆ្នាំ២០០៦ ជំនាន់ទី២ នៅឆ្នាំ២០០៨ ជំនាន់ទី៣ នៅឆ្នាំ២០១១ ជំនាន់ទី៤ នៅឆ្នាំ២០១៤ ជំនាន់៥ នៅឆ្នាំ ២០១៧ ជំនាន់ទី៦ នៅឆ្នាំ២០១៩ និងជំនាន់ទី៧ នៅឆ្នាំ២០២៤ នេះ ដែលកម្មវិធីកំពុងតែដំណើរការ៕



