បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានឲ្យដឹងថា កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬកីឡដ្ឋានស្ដាតចាស់នឹងត្រូវបើកទ្វារ ទទួលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជានៅជុំទី២ នាខែសីហាខាងមុខ បន្ទាប់ពីកីឡដ្ឋានដ៏ចំណាស់នេះបានធ្វើការជួសជុល និងកែលម្អរួចរាល់។

អគ្គលេខាធិការក្រុមកំពុងឈរលេខរៀងទី៦ បណ្ដោះអាសន្ននេះបានបញ្ជាក់ថា មកទល់ពេលនេះក្លិបបានប្រើប្រាស់ស្មៅសិប្បនិម្មិត នៅក្រោយទីលានជាបណ្ដើរៗហើយ នៅឡើយទីលានស្មៅធម្មជាតិ តែទើបលុះលាស់បានប្រហែល ៧០%។ តែតាមផែនការរយៈពេល ១ខែទៀត ទីលានថ្មីនេះនឹងអាចប្រើប្រាស់បាន ខណៈក្លិបគ្រោងបើកទ្វារផ្ទះស្វាគមន៍ ការប្រកួតលីគកំពូលកម្ពុជានៅជុំទី២ នាសីហាខាងមុខ។ សូមរំឭកថា កីឡដ្ឋានស្ដាតចាស់ត្រូវបានបើកការដ្ឋានជួសជុល និងកែលម្អកាលពីដើមខែកុម្ភៈកន្លងទៅ ដោយគ្រោងចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារជាមួយការបំពាក់នូវប្រព័ន្ធរំដោះទឹក និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ខណៈទីលានប្រកួតនឹងរក្សាប្រើស្មៅធម្មជាតិ ដែលមានគុណភាពខ្ពស់ដូចទៅនឹងកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោន តែផ្នែកខាងក្រោយទីលានដែលជាកន្លែងកម្ដៅសាច់ដុំ ត្រូវបានប្ដូរស្មៅសិប្បនិម្មិតជំនួសវិញ។
លោក ខូវ ឆាយ ក៏បានបញ្ជាក់ដែរថា នេះគឺជាផែនការជួសជុលដំណាក់កាលទី១ ខណៈចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ក្រុមជើងខ្លាំងមួយនៃលីគកំពូលកម្ពុជានេះ នឹងបន្ដធ្វើការកែលម្អកីឡដ្ឋានស្ដាតចាស់ ទ្រង់ទ្រាយធំក្នុងដំណាក់កាលទី២ ដោយគ្រោងវៃកន្លែងអង្គុយ និងវេទិកាចាស់ចោលហើយសាងសង់ឡើងវិញ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលគ្រោងចំណាយថវិកាប្រមាណ ១លានដុល្លារឯណោះ៕
អត្ថបទ៖ លី ឈុនឡា