ព្រះវិហារ៖ ខេត្តព្រះវិហារ អ្នកសារព័ត៌មានចំនួន៣៥នាក់មកពី២១អង្គភាព បានចុះបញ្ជីប្រចាំ នៅក្នុងខេត្ត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការចុះយកព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាព សមិទ្ធផលនានានៅក្នុងខេត្ត ក្នុងនោះមានគេហទំព័រ ០៨អង្គភាព ស្មើនិង១៩នាក់, ទូរទស្សន៍ ១២អង្គភាព មាន១៥នាក់ និង កាសែតចំនួន ០១អង្គភាព ០១នាក់។
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ថ្លែងបែបនេះ នាថ្ងៃទី៣១ ខែមករា ម្សិលមិញនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពការងារ សម្រាប់ ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ស្តាប់បញ្ហា ប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ក្នុងគោលដៅ ជួយជំរុញឱ្យមន្ទីរព័ត៌មានខេត្តកាន់ តែរីកចំរើនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ទាំងប្រាំ មន្ដ្រីរាជការ និងមន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត។
នាឱកាសនោះលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត បានឱ្យដឹងទៀតថា រយៈពេល០១ឆ្នាំ២០២៣ ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មាន បានចុះយក ព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរវិស័យ និងតាមមូលដ្ឋាននានាក្នុងភូមិ សាស្ដ្រខេត្តសរុបចំនួន ២៨៧លើក ក្នុងនោះបានផលិតជាព័ត៌មានខ្លីចំនួន ១៤៣ព័ត៌មាន, បាន ធ្វើការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន ២២៣ព័ត៌មានវីឌីអូ និង១៩៦ ព័ត៌មានរូបភាព, បង្ហោះវីឌីអូលើ Youtube ចំនួន ៥៦ព័ត៌មាន និងTiktok ចំនួន ៤១ព័ត៌មាន, និងធ្វើការផ្សព្វផ្សាយផ្សាយនៅវិទ្យុជាតិភ្នំត្បែង ៩៧MHz បានចំនួន ១៥,៥៣៤អត្ថបទ។
ថ្លែងក្នុងឱកាសនោះ លោក ណុប វុធ្ធី អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ រហូតទទួលបាននូវការកោតសរសើរ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ពិសេសពីសំណាក់ឯកឧត្តមអភិបាលខេត្ត។
តែទោះបែបនេះក្ដី លោកក៏បានជម្រុញណែនាំបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយក ចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មាន ឲ្យបានកាន់តែប្រសើរ ប្រកបដោយគុណភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះត្រូវបង្កើន កិច្ចសហការឱ្យបានជិតស្និទជាមួយបណ្ដាមន្ទីរវិស័យ រដ្ឋបាលក្រុងស្រុក ដើម្បីផលិតបទយក ការណ៍អំពីការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់ខេត្តឱ្យបានផុលផុស៕








