កំពង់ឆ្នាំង៖ ព្រៃលិចទឹកធំៗ ស្ថិតក្នុងដែនសហគមន៍នេសាទពាមពពេច ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ប្រមាណជាង៣ហិកតា ត្រូវបានជនល្មើសកាប់បំផ្លាញដុតចោល យកដីធ្វើដីស្រែប្រាំងជាកម្មសិទ្ធិ ដោយមិនមានអ្នកទប់ស្កាត់ឡើយ។ ថ្មីៗនេះ ប្រជាពលរដ្ឋនៅចំណុចភូមិកន្លែងភេ និងភូមិព្រែកសាលា បានអោយដឹងថា ជនល្មើសដែលមានតួនាទីក្នុងសហគមន៍នោះដែរ បានជួលកម្មករជិត២០នាក់យកទៅកាប់ព្រៃក្នុងតំបន់នោះចំនួន១១ហិកតា ។
នៅវេលាម៉ោង១និង១០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកកាសែតបានចុះទៅដល់ទីតាំងនោះផ្ទាល់តាមការរាយការណ៍ពីប្រជានេសាទ ហើយបានឃើញ៣ចំណុចដែលជនល្មើសបានកាប់បំផ្លាញព្រៃលិចទឹកនោះ ។ នៅក្នុងព្រៃលិចទឹកក្នុងដែនសហគមន៍ពាមពពេចនោះ គេឃើញមានការកាប់បំផ្លាញព្រៃឈើធំតូច ឆ្វៀលធ្វើស្រែប្រាំង និងចំណុចខ្លះទៀតបាន និងកំពុងកាប់ទន្ទ្រានធ្វើស្រែប្រាំង ដោយជនល្មើសបានកាប់ព្រៃ យកត្រាក់ទ័រចូលឈូសឆាយ ដុតបំផ្លាញ និងបាចគ្រាប់ស្រូវតែម្តង ។ ព្រៃលិចទឹកដែលគេបានបំផ្លាញនោះមានប្រមាណជាង៣ហិកតា ហើយចំណុចផ្សេងៗទៀតក៏មានការកាប់បំផ្លាញដែរតាមរយៈរូបភាពកណ្តៀរតេះ។ នៅថ្ងៃម្សិលនេះដែរ ប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រែកសាលា ឃុំទឹកហូត និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរដែលមានព្រំប្រទល់ជាប់ឃុំកោះថ្កូវ ស្រុកជលគីរីនោះ បានអោយដឹងថា អ្នកមានតំណែងក្នុងសហគមន៍នេសាទពាមពពេចនោះបានជួលកម្មករប្រមាណជិត២០នាក់ ដើម្បីចូលទៅកាប់ព្រៃនៅក្នុងដែនសហគមន៍នោះ តែដោយដឹងថាមានក្រុមអ្នកកាសែតចុះទៅ គេក៏អោយកម្មករទាំងនោះត្រឡប់ទៅវិញអស់។
លោក រៀល សុខុម នាយសង្កាត់រដ្ឋបាលជលផលពាមឆ្កោក ស្រុកជលគីរី បានអោយដឹងថា៖ ព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទពាមពពេចនេះ ជារបស់ប្រជាពលរដ្ឋ ហើយមានប្លង់កាន់កាប់អស់ហើយ មិនគួរអ្នកកាសែតមកធ្វើអោយគាត់ពិបាកគ្រាន់តែព្រៃប៉ុនបាតដៃនោះទេ។
លោក ប៊ិន សុផាន មេឃុំកោះថ្កូវ ស្រុកជលគីរី បានអោយដឹងថា៖ ទាក់ទងនឹងព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទពាមពពេចនោះ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខាងសង្កាត់រដ្ឋបាលជលផលពាមឆ្កោក បានហៅអាជ្ញាធរឃុំទៅចុះពិនិត្យទីតាំងទន្ទ្រានឈូសឆាយយកនោះ តែលោកបានប្រាប់ទៅក្រុមការងារអាជ្ញាធរឃុំកោះថ្កូវ មិនត្រូវស៊ីញ៉េទទួលស្គាល់លើរបាយការណាមួយឡើយ ព្រោះព្រៃលិចទឹកនៅតំបន់ដែនសហគមន៍ពាមពពេចនោះ មានបញ្ហាមិនប្រក្រតីច្រើន ។
គួររំលឹកថា៖ ព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទពាមពពេច ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគីរីនេះ មានភាពមិនប្រក្រតីច្រើន ហើយមានការពាក់ព័ន្ធទៅនឹងសមាជឹកក្នុងសហគមន៍ និងមន្ត្រីមួយចំនួនដែលបានឃុបឃិតគ្នា កានប់បំផ្លាញព្រៃខាងលើនេះ យកដីធ្វើស្រែប្រាំងជាកម្មសិទ្ធិ ដោយមិនមានការទប់ស្កាត់ឡើយ៕ ដោយ ÷ កាំង ហុងវាស្នា


















