ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធដើម្បីទប់ស្កាត់ចំហេះព្រៃ ដែលកំពុងឆាបឆេះនៅទីក្រុងនានានៅតំបន់ឆ្នេរ Western Cape ប្រទេសអាហ្វ្រិកខាងត្បូង ចូលដល់ថ្ងៃទី ៣ កាលពីថ្ងៃពុធ។
រដ្ឋមន្ត្រីបរិស្ថានប្រចាំតំបន់ បាននិយាយថា អគ្គិភ័យមិនអាចគ្រប់គ្រងបានទេ ប៉ុន្តែការជម្លៀសពលរដ្ឋចេញ បានជួយបញ្ចៀសការបាត់បង់អាយុជីវិត។

លោកនិយាយបន្តថា បច្ចុប្បន្នអគ្គិភ័យមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងនៅឡើយ។ លោក អាន់តុន ប្រេដែល(Anton Bredell) រដ្ឋមន្ត្រីកិច្ចការបរិស្ថាននិងផែនការអភិវឌ្ឍន៍តំបន់ Western Cape បានប្រាប់សារព័ត៌មានរ៉យទ័រថា វាហួសពីការគ្រប់គ្រងបាន នៅក្នុងតំបន់មួយចំនួន ប៉ុន្តែវាពុំមានហានិភ័យនៃការបាត់បង់អាយុជីវិត ឬខូចខាតទ្រព្យសម្បត្តិនាពេលនេះទេ។

អាជ្ញាធរតំបន់ បានបញ្ជាឱ្យប្រជាជននៅក្នុងក្រុងដែលរងគ្រោះ ជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះ។ ផ្សែងអ័ព្ទដ៏ក្រាស់ បានគ្របដណ្តប់លើផ្ទៃអាកាសនៅឆ្នេរ ប្រីនហ្គល(Pringle) និងឆ្នេរ Betty នៅក្បែរនោះ ហើយអគ្គិភ័យ ត្រូវបានគេឃើញនៅតាមតំបន់ជួរភ្នំ។ ឧទ្ធម្ភាគចក្រ កំពុងនាំយកទឹកពីមហាសមុទ្រនៅក្បែរនោះ ហើយទម្លាក់ទឹកទៅលើអគ្គិភ័យ។
មូលហេតុនៃចំហេះព្រៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំហេះព្រៃ គឺជារឿងធម្មតានៅតំបន់ភ្នំ ជុំវិញទីក្រុង Cape Town និងតំបន់ឆ្នេរជុំវិញនោះ ក្នុងអំឡុងរដូវក្តៅ ដោយសារស្ថានភាពអាកាសធាតុស្ងួត មានខ្យល់បក់ និងក្តៅខ្លាំង។