អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានក្រើនរំលឹកដល់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កុំឱ្យចរចា «កិច្ចព្រមព្រៀងព្រំដែនដែលមិនល្អប្រសើរ» ក្នុងពេលមានកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងពីរ នៅក្នុងសភា ដើម្បីរឹតបន្តឹងសន្តិសុខព្រំដែន។

លោកត្រាំ ជាអ្នកនាំមុខគេសម្រាប់ការតែងតាំងក្នុងតំណែងប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ បានអំពាវនាវឱ្យសមាជិកសភា ច្រានចោលកិច្ចព្រមព្រៀងណាមួយ នៅមុនការបោះឆ្នោត ខែវិច្ឆិកា ដែលនឹងកំណត់ការគ្រប់គ្រងនៅសេតវិមាន និងសភា។

លោក ត្រាំ បានធ្វើការអត្ថាធិប្បាយដូច្នេះ បន្ទាប់ពីបានជួបជាមួយសហជីព អ៊ីនធឺណេសិនណល ប្រាឌ័រហ៊ូដ អូស ធីមស្ទ័រ(International Brotherhood of Teamsters) ជាសហជីពធំបំផុតមួយនៅអាមេរិក ខណៈលោកប្រជែងរកការគាំទ្រពីក្រុមការងារ នៅមុនការបោះឆ្នោតសកល ដែលទំនងជាមានការផ្គូរផ្គងឡើងវិញជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden នៅក្នុងខែវិច្ឆិកា។
បន្ទាប់ពីជំនួប លោក Trump មានមន្ទិលសង្ស័យថាតើ អ្នកដឹកនាំក្រុមសហជីព ធីមស្ទ័រ(Teamsters) នឹងគាំទ្រលោកឬទេ ដែលពួកគេបានគាំទ្រលោក Biden នៅមុនការបោះឆ្នោតឆ្នាំ ២០២០ ប៉ុន្តែ បានអះអាងថា មានការគាំទ្រខ្លាំង ក្នុងចំណោមសមាជិកសាមញ្ញរបស់សហជីព។