ក្នុងរយៈពេល១ខែ ដើមឆ្នាំ ២០២៤ នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣២ មានទំហំទុនវិនិយោគប្រមាណជាង ១៨៧លានដុល្លារអាមេរិក និងបង្កើតការងារបានជិត ២៩ពាន់កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញសេចក្តីប្រកាសព័ត៌មាន នៃសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្នុងនោះគិតក្នុងរយៈ ពេល ១ ខែ ដើមឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ នៃគម្រោង ពង្រីកផលិតកម្មចំនួន ៣២ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ១៨៧ លានដុល្លារអាមេរិក គម្រោងទាំងនេះអាចបង្កើតការងារកម្លាំងពលកម្មថ្មី បានប្រមាណជិត ២៩ ពាន់កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់ ដែលជាការចូលរួមចំណែកក្នុងវិស័យការងារនៅកម្ពុជា។
ជាការកត់សម្គាល់ សម្រាប់គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមករា ឆ្នាំ ២០២៤ នេះរួមមាន៖ គម្រោង បង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, គម្រោងបង្កើតរោងចក្រផ្គុំ ដំឡើងម៉ូតូ កង់ រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, និងគម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងនោះទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពីប្រទេសចិន, ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពីសហរដ្ឋអាមេរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉, និង ២,៧៣% មកពីប្រភពក្នុងស្រុក។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ មានទុនវិនិយោគសរុបប្រមាណ ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះបានអនុម័តគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ និងគម្រោង វិនិយោគ ចំនួន ៧១ បានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយគម្រោងវិនិយោគទាំងអស់នេះ និងអាចបង្កើត ការងារបានប្រមាណជាង ៣០ ម៉ឺនកន្លែង៕ អត្ថបទ៖ សុន រ៉ាឌី
