
FBI បាននិយាយថា សហរដ្ឋអាមេរិក បានព្យាយាមដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងលួចចូលរបស់ក្រុមដែលគាំទ្រដោយរដ្ឋរបស់ចិន ដែលបាននិងកំពុងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗដូចជាបណ្តាញអគ្គិសនី និងបំពង់បង្ហូរប្រេងជាដើម។
ប្រធាន FBI បានប្រាប់សមាជិកសភាថា ខ្លួនបានអនុវត្តយុទ្ធនាការមួយ ដើម្បីបិទក្រុម «Volt Typhoon» ។
លោក គ្រីស្ទូហ្វឺ វ្រេ (Christopher Wray) បានចោទប្រកាន់ថា ក្រុមនោះ បានលួចចូលទៅក្នុងឧបករណ៍ភា្ជប់បណ្តាញ(Router)ការិយាល័យចាស់ៗរាប់រយគ្រឿង ដើម្បីចូលលួចទិន្នន័យអំពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលចិន នៅមិនទាន់ឆ្លើយតបនឹងការចោទប្រកាន់នេះ នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ រដ្ឋាភិបាលនេះ បានបដិសេធការចោទប្រកាន់អំពីសង្គ្រាមអ៊ីនធឺណិតដែលឧបត្ថម្ភដោយរដ្ឋប្រឆាំងនឹងប្រទេសដទៃទៀត ហើយខ្លួនក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាជា «អាណាចក្រលួចព័ត៌មានវិទ្យាដ៏ធំបំផុតរបស់ពិភពលោក និងជាចោរអ៊ីនធឺណិសកល។
កាលពីថ្ងៃពុធ លោក វ្រេ បានប្រាប់គណៈកម្មាធិការសភាអាមេរិកថា ប្រទេសចិន កំពុងមានចេតនាដាក់មូលដ្ឋាន ដើម្បីបង្ខូចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅក្នុងព្រឹត្តិការណ៍នៃជម្លោះអរិភាព។
កិច្ចខិតខំប្រឹងប្រែងលួចព័ត៌មានវិទ្យារបស់ក្រុម «Volt Typhoon» បានកើតឡើងជាលើកដំបូង កាលពីខែឧសភាឆ្នាំមុន នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Microsoft បានព្រមានថា ក្រុមនេះ បានកំណត់គោលដៅលើទ្រព្យសម្បត្តិសាធារណៈជាច្រើនរួមទាំងការលួចចូលទៅក្នុងគណនីអ៊ីមែលរបស់រដ្ឋាភិ បាលផងដែរ។