
នៅព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ា បានបញ្ជូនរថពាសដែកឆ្លងកាត់រដ្ឋធានី ណៃពិដោ (Naypyidaw) ដោយចាប់ខ្លួនមេដឹកនាំស៊ីវិលជាប់ឆ្នោតរបស់ប្រទេសនេះ។ រយៈពេលឆ្នាំមកនេះ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់របបយោធា ក្នុងការបង្រួបបង្រួមអំណាច បានបណ្តាលឲ្យមានការកើនឡើងនូវបញ្ហាសិទ្ធិមនុស្ស និងមហន្តរាយមនុស្សធម៌។
កងកម្លាំងសន្តិសុខរបស់របបយោធានេះ បានសម្លាប់មនុស្សជាង ៤.០០០នាក់ ចាប់ខ្លួនជាង២៥.០០០ នាក់ និងដោយចេតនារារាំងជំនួយមនុស្សធម៌មិនឲ្យទៅដល់មនុស្សរាប់លាននាក់ ចំពេលមានការដួលរលំសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។ ចំនួនមនុស្សដែលត្រូវការជំនួយ បានកើនឡើងពី មួយលាននាក់ មុនរដ្ឋប្រហារ ដល់ ១៨,៦លាននាក់ ក្នុងឆ្នាំ២០២៤ រួមទាំងកុមារ ៦លាននាក់។
ការបំពានជាទូទៅ និងជាប្រព័ន្ធរបស់យោធា ក្លាយជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្ម សង្គ្រាម ដែលជំរុញដោយនិទណ្ឌភាពជាច្រើនទសវត្សរ៍ និងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិតិចតួច ដើម្បីបញ្ឈប់ការរំលោភបំពាននេះ។
ខណៈដែលអំពើឃោរឃៅ កាន់តែកើនឡើង និងទីជម្រក កាន់តែបាត់ៗទៅនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅតែស្ងៀមស្ងាត់។
នៅខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចលើកដំបូងរបស់ខ្លួនលើប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះ ទទួលបានឯករាជ្យ នៅឆ្នាំ ១៩៤៨ ដោយបានថ្កោលទោសការរំលោភបំពានក្រោយរដ្ឋប្រហាររបស់យោធា។ ប៉ុន្តែអត្ថបទចុងក្រោយ ត្រូវបានកែប្រែយ៉ាងច្រើន ដោយការអំពាវនាវឲ្យមានទណ្ឌកម្ម និងការដាក់ទណ្ឌកម្មអាវុធក្នុងសេចក្តីព្រាងដំបូងដែលដឹកនាំដោយចក្រភពអង់គ្លេសត្រូវបានដកចេញ ដើម្បីទប់ទល់នឹងការវេតូដែលគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី។
ចក្រភពអង់គ្លេស ដែលជាអ្នកដែលត្រូវបានចាត់តាំងរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះសេចក្តីសម្រេចលើប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនឆ្នាំ បានអនុវត្តវិធីសាស្រ្តប្រុងប្រយ័ត្នខ្ពស់ចំពោះប្រទេសនេះ ដែលជាយុទ្ធសាស្ត្រមួយដែលបានបរាជ័យក្នុងការលើកកម្ពស់ឱកាសនៃការទទួលខុសត្រូវណាមួយ បន្ទាប់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ឆ្នាំ ២០១៧របស់យោធាប្រឆាំងនឹងជនជាតិនិងអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។