ក្រុមមន្ត្រីបាននិយាយថា ទីតាំងចតយន្តហោះមួយកន្លែង កំពុងស្ថិតក្រោមការសាងសង់នៅលើដីនៅអាកាសយានដ្ឋានក្នុងទីក្រុងបយស៍(Boise) រដ្ឋអាយដាហូ(Idaho) បានបាក់រលំ កាលពីថ្ងៃពុធ បណ្តាលឲ្យមនុស្សបីនាក់ស្លាប់ និងប្រាំបួននាក់ផ្សេងទៀតរងរបួស។ ទីក្រុងនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធថា មនុស្ស៥នាក់ក្នុងចំណោមអ្នករងរបួស នៅក្នុងការបាក់រលំ នៅអាកាសយានដ្ឋានទីក្រុង Boise ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Aaron Hummel ប្រធានផ្នែកប្រតិបត្តិការនៃនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Boise បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាធរ បានឆ្លើយតបនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃពុធ ចំពោះការបាក់រលំដ៏មហន្តរាយរោងដែកដែលសាងសង់ពីដែកថែបជាកម្មសិទ្ធិឯកជន។
សេចក្តីថ្លែងការណ៍របស់ទីក្រុង បាននិយាយថា មនុស្សបីនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយក្រុមពន្លត់អគ្គិភ័យ បានធ្វើការដើម្បីធ្វើឲ្យមានស្ថិរភាពនៅកន្លែងកើតហេតុ និងបានជួយសង្គ្រោះជនរងគ្រោះជាច្រើននាក់។
លោក Hummel និយាយថា វាជាទិដ្ឋភាពដ៏ច្របូកច្របល់ ដោយចាត់ទុកឧបទ្ទវហេតុនេះថាជា ការបាក់រលំទ្រង់ទ្រាយធំ នៃក្របខ័ណ្ឌអគារមួយ។ លោកនិយាយថា លោកនៅពុំទាន់បានដឹងថា វាបណ្ដាលមកពីអ្វីនោះទេ។ ក្រុមមន្ត្រី និយាយថា ប្រតិបត្តិការនៅអាកាសយានដ្ឋានទីក្រុង Boise មិនរងផលប៉ះពាល់ទេ។
លោក Hummel និយាយថា ជនរងគ្រោះមួយចំនួន កំពុងនៅលើកស្ទូច ឬលើកវេទិកាផ្សេងៗ នៅពេលនោះ រចនាសម្ព័ន្ធរោងដែកបានបាក់ធ្លាក់ ហើយតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពិសេស។ លោកបានបញ្ជាក់ថា ដងស្ទូចមួយគ្រឿងក៏បានបាក់រលំក្នុងហេតុការណ៍នេះផងដែរ។