
ការចំណាយលើការរស់នៅខ្ពស់ និងភាពមិនប្រាកដប្រជាខាងនយោបាយ បានធ្វើយុទ្ធនាការបោះឆ្នោត របស់ប្រទេសប៉ាគីស្ថានដែលធ្លាប់តែខ្ញៀវខ្ញារប្រែទៅជាស្ងប់ស្ងាត់ ដោយទាំងបណ្ដាបេក្ខជន និងអ្នកដែលផ្គត់ផ្គង់សម្ភារៈឃោសនាដល់ពួកគេ រអ៊ូរទាំចំពោះតម្រូវការកាន់តែច្រើន តែបានតិចតួច។
ការបោះឆ្នោតសកល នៅថ្ងៃទី៨ ខែកុម្ភៈនេះ ដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅពេលដែលប៉ាគីស្ថានកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច អតិផរណាដែលកំពុងមានជិត ៣០ភាគរយ និងរូបិយប័ណ្ណធ្លាក់ថ្លស ខណៈកំពុងស្វែងរកផ្លូវងើបឡើងវិញក្រោមការសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៣ពាន់លានដុល្លារ។
ការបោះឆ្នោតនេះក៏នឹងធ្វើឡើងផងដែរ បន្ទាប់ពីការបង្រ្កាបដែលអនុម័តដោយរដ្ឋយ៉ាងទូលំទូលាយលើគណបក្ស Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយលោក Imran Khan ដែលបានជាប់ពន្ធនាគារតាំងពីខែសីហា ជុំវិញបទចោទប្រកាន់ជាច្រើន រួមទាំងអំពើពុករលួយផង។ បេក្ខជនកំពុងរៀបចំការជួបជុំខាងក្រៅតិចជាងមុន សម្រាប់អ្នកគាំទ្រ ហើយរថយន្តដឹកទំនិញដែលជាធម្មតាបើកបរឡើងចុះតាមដងផ្លូវ ពោរពេញដោយផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ និងសំឡេងតន្ត្រី និងពាក្យស្លោក ក៏មានភាពស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់ផងដែរ។
គណបក្សនយោបាយរបស់ប៉ាគីស្ថានត្រូវបានផ្តល់មូលនិធិជាចម្បងដោយបណ្ដាបេក្ខជនអ្នកមានទ្រព្យធន និងម្ចាស់ជំនួយទាំងពីក្នុង និងក្រៅប្រទេស ប៉ុន្តែភាពមិនច្បាស់លាស់អំពីកាលបរិច្ឆេទនៃការបោះឆ្នោត បានប៉ះពាល់ដល់ការផ្តល់មូលនិធិនេះ។ ការបោះឆ្នោតត្រូវបានសន្មត់ថា នឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា បន្ទាប់ពីសភាត្រូវបានរំលាយកាលពីខែសីហា ប៉ុន្តែត្រូវបានពន្យារពេលទៅខែកុម្ភៈវិញ ដោយសារតែជំរឿន។ កាលពីខែមករា សមាជិកព្រឹទ្ធសភាប៉ាគីស្ថានបានអំពាវនាវឲ្យមានការពន្យារពេលបន្ថែមទៀត ដោយលើកឡើងពីហេតុផលសន្តិសុខ។
បណ្ដាពាណិជ្ជករ និងបេក្ខជន និយាយថា អវត្ដមាននៃគណបក្ស PTI របស់លោក Khan និងការភ័យខ្លាចពីការមានជម្លោះជាមួយយោធាដ៏មានឥទ្ធិពលខាងនយោបាយ ក៏បានធ្វើឲ្យមានការរំខានដល់យុទ្ធនាការនេះផងដែរ។ លោក Khan ដែលគណបក្សរបស់លោកឈ្នះការបោះឆ្នោតលើកមុន និយាយថា យោធាចង់ឲ្យលោកមិនបានកាន់អំណាច ដែលការលើកឡើងនេះត្រូវបានយោធាបដិសេធ។ លោកស្រី Meherbano Qureshi ដែលជាបេក្ខជនរបស់គណបក្ស PTI និងជាកូនស្រីរបស់អនុប្រធានគណបក្សលោក Shah Mehmood Qureshi ដែលកំពុងជាប់ពន្ធនាគារ បាននិយាយថា មនុស្សមានការភ័យខ្លាចក្នុងការបង្ហាញការគាំទ្ររបស់ពួកគេ និងព្យួរសម្ភារៈឃោសនា ដើម្បីធ្វើយុទ្ធនាការ៕