
បាតុករក្នុងប្រទេសថៃ និងហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) បានទាមទារឲ្យបញ្ចប់របបយោធានៅសហភាពមីយ៉ាន់ម៉ា នៅថ្ងៃគម្រប់ខួបលើកទី៣ នៃរដ្ឋប្រហារឆ្នាំ២០២១។
បាតុកររាប់រយនាក់ ក្នុងនោះរួមទាំងពលរដ្ឋភូមាជាច្រើននាក់ផងដែរ បាននាំគ្នាស្រែកខ្លាំងនៅពីមុខការិយាល័យអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងបាងកក ដោយអំពាវនាវឲ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅសហភាពមីយ៉ាន់ម៉ាឡើងវិញ និងមានកាន់រូបមេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងលោកស្រី Aung San Suu Kyi។
ចំណែកនៅក្នុងទីក្រុងម៉ានីលឯណោះវិញ សកម្មជនរាប់សិបនាក់បានធ្វើការតវ៉ាទាមទារឲ្យទម្លាក់របបយោធា និងដោះលែងអ្នកទោសនយោបាយដែលរបបនេះបានចាប់ខ្លួន ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
មេដឹកនាំយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ (ទី៣១ ខែមករា) បានបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន គិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ខណៈដែលរបបយោធាមួយនេះកំពុងប្រយុទ្ធទប់ស្កាត់ការបះបោរបង្ហូរឈាម និងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានសាកល្បងសមត្ថភាពគ្រប់គ្រងប្រទេសរបស់របបនេះ។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនប្រហែល ២,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលកិច្ចប្រឹងប្រែងដោយប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់មីយ៉ាន់ម៉ា ក្នុងការផ្តួចផ្តើមការសន្ទនាមិនមានភាពរីកចម្រើន ដោយរដ្ឋាភិបាលយោធាបដិសេធមិនចរចាជាមួយអ្វី ដែលខ្លួនហៅថា «ភេរវករ»៕