
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៣៧២នាក់ បានស្លាប់ នៅក្នុងតំបន់ចំនួនពីរនៃប្រទេសអេត្យូពីភាគខាងជើង ដោយសារភាពស្រេកឃ្លាន ដែលបង្កឡើងដោយគ្រោះរាំងស្ងួតក្នុងរយៈពេល៦ខែចុងក្រោយនេះ ដោយបន្ថែមទៅលើបញ្ហាប្រឈមក្នុងតំបន់ដែលកើតឡើងពីជម្លោះ។
លោក Endale Haile ប្រធានស្ថាប័នទទួលពាក្យបណ្តឹងអេត្យូពី ដែលទទួលបានពាក្យបណ្តឹងពីសាធារណជនប្រឆាំងនឹក្រសួងនានារបស់រដ្ឋាភិបាល បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួន បានរកឃើញថាមនុស្ស ៣៥១នាក់ បានស្លាប់នៅក្នុងតំបន់ទីហ្គ្រេ (Tigray) ខណៈដែល ២១នាក់ផ្សេងទៀត បានស្លាប់នៅតំបន់់អាមហារ៉ា (Amhara) ដែលនៅជិតខាង។
លោក Endale បាននិយាយថា ការរកឃើញនេះ គឺបានមកពីការវាយតម្លៃរយៈពេល ១០ថ្ងៃ នៅក្នុងតំបន់ទាំងពីរ ហើយវាអាចមានអ្នកស្លាប់ច្រើនជាងនេះ។
លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ប្រសិនបើយើងពង្រីកគំរូរបស់យើង តួលេខអ្នកស្លាប់ អាចកើនឡើង។ ប៉ុន្តែគោលបំណងសំខាន់របស់យើង គឺសម្រាប់រដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លើបញ្ហានេះ និងប្រាប់ពួកគេពីរបៀបដែលបញ្ហានេះ កាន់តែធ្ងន់ធ្ងរ។ ដូច្នេះពួកគេ នឹងចាត់វិធានការ»។