
ចៅក្រមសហព័ន្ធ កាលពីថ្ងៃពុធ (ទី៣១ ខែមករា) បានច្រានចោលបណ្តឹងរបស់ជនជាតិអាមេរិក-ប៉ាឡេស្ទីន ដែលព្យាយាមជំរុញឲ្យសេតវិមានដកការគាំទ្រចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដូចដែលត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ដោយផ្អែកលើគំរូរដ្ឋធម្មនុញ្ញ ដែលថា មានតែការិយាល័យនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចកំណត់គោលនយោបាយការបរទេសបាន។
ប៉ុន្តែដោយមិននឹកស្មានដល់ ចៅក្រមសហព័ន្ធអាមេរិក លោក Jeffrey White បានបង្ហាញថា លោកចង់ចេញដីកានេះ ប្រសិនបើលោកមិនត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនោះទេ ហើយលោកបានសុំឲ្យរដ្ឋបាលលោក Joe Biden «ពិនិត្យមើលលទ្ធផលនៃការគាំទ្រឥតងាករេ» ចំពោះអ៊ីស្រាអែល។
ការប្តេជ្ញាចិត្តនេះបានកើតឡើង ៥ថ្ងៃបន្ទាប់ពីសវនាការ នៅទីក្រុង Oakland រដ្ឋ California ដែលចៅក្រមលោក White បានអនុញ្ញាតឲ្យប្រធានក្រុមមនុស្សធម៌ អ្នកហាត់ការផ្នែកវេជ្ជសាស្រ្ត និងជនជាតិអាមេរិក-ប៉ាឡេស្ទីន ៣នាក់ ជាមួយសាច់ញាតិ នៅតំបន់ហ្កាហ្សា ប្រាប់តុលាការថា មនុស្សជាទីស្រលាញ់របស់ពួកគេកំពុងត្រូវបានសម្លាប់។
អ្នកទាំងនោះបានចោទប្រកាន់ថា រដ្ឋាភិបាលអាមេរិកបានបង្កើតអំពើប្រល័យពូជសាសន៍ ដោយគាំទ្រការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល ចំពោះការវាយប្រហារថ្ងៃទី៧ តុលា របស់ក្រុមហាម៉ាស។
គំរូផ្លូវច្បាប់កំណត់អំណាចតុលាការលើប្រធានាធិបតីអាមេរិកលើការសម្រេចគោលនយោបាយការបរទេស ហើយមេធាវីតំណាងរដ្ឋាភិបាល បានអះអាងថា ដោយមិនគិតពីសក្ខីកម្ម អំពីតំបន់ហ្កាហ្សា សេតវិមាន និងសភាមានបុព្វសិទ្ធិតាមរដ្ឋធម្មនុញ្ញ ក្នុងការកំណត់គោលនយោបាយលើអ៊ីស្រាអែល៕